(ក្រុងឡុងដ៍)៖ អតីតម្ចាស់ជើងឯក World Cup ៥សម័យប្រេស៊ីល ត្រូវបានគេព្យាករណ៍ មានដល់ទៅ ២១ភាគរយ ច្រើនគេក្នុងការឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នេះនៅប្រទេសរុស្ស៊ី ស្របពេលអង់គ្លេស មានតែ ៤ភាគរយប៉ុណ្ណោះដែលសង្ឃឹមឈ្នះ។

យោងតាមដ្យាក្រាមដែលត្រូវបានគូស និងចេញផ្សាយដោយសារព័ត៌មានដ៏ល្បីរបស់អង់គ្លេសនាថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រេស៊ីល មាន២១% ច្រើនជាងគេ ខណៈក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់មាន ៨% អេស្ប៉ាញ ១០% អាហ្សង់ទីន ៨% និងបារាំង មាន៦%។

ងាកមកមើលក្រុមរបស់លោក Gareth Southgate ដែលជាអតីតម្ចាស់ជើងឯក World Cup ១៩៦៦ អង់គ្លេស ត្រូវបានគេព្យាករណ៍ឈ្នះជើងឯករដូវកាលនេះ មានតែ៤%ប៉ុណ្ណោះ ដែលចំនួននេះនៅតិចជាង ប៉េរូ ដែលមាន ៥% ក្នុងការគ្រងតំណែងជើងឯក។

បន្ថែមលើនេះ ប្រេស៊ីល ដែលមានកីឡាករស្នូលប្រចាំក្រុម Neymar ក៏ត្រូវបានគេព្យាករណ៍ថា មានរហូតដល់ទៅ ៩០% នឹងឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល ស្របពេលស្វីស មាន ៥១% ស៊ែប៊ី មាន៣១% និង កូស្តារីកា មាន២៨% ក្នុងនាមស្ថិតក្នុងពូល E។ ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ដែលស្ថិតក្នុងពូល G ត្រូវបានគេព្យាករណ៍ថា មាន ៧១%ឆ្លងផុតពូល ប៊ែលហ្ស៊ិក មាន ៧១%ដែរ ទុយនេស៊ី ៣២% និង ប៉ាណាម៉ា មាន ២៦%៕