(ទ្រីប៉ូលី)៖ អង្គការសិទ្ធិមនុស្សមួយ នៃ​ប្រទេសលីប៊ីបានឲ្យដឹងថា ប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវអាកាស​មួយ​របស់​សហរដ្ឋអាមេរិក ដែលមាន​គោលដៅលើ​ក្រុម​ភេរវករ ISIS នៅក្នុងប្រទេស​អាហ្រ្វិកខាងជើង​នេះ បានផ្តាច់យក​ជីវិតជនស៊ីវិល​ស្លូតត្រង់ចំនួន ០៣នាក់។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមសេចក្តី​ថ្លែងការណ៍របស់​អង្គការខាងលើ ប្រតិបត្តិការផ្លូវអាកាស​របស់អាមេរិក ទៅលើតំបន់ជ្រលង​ភ្នំមួយកន្លែង​នៅក្រុង បានី វ៉ាលីដ (Bani Walid) បានបណ្តាល​ឲ្យប្រជាជនលីប៊ី​ស្លូតត្រង់ ០៣នាក់ស្លាប់ ខណៈជនរងគ្រោះទាំងនេះ កំពុងធ្វើដំណើរ​ក្នុងរថយន្ត​មួយគ្រឿង ទាំងពុំ​មាន​ប្រដាប់​នូវអាវុធ និងពុំមាន​ការព្រមាន ហើយមិនមាន​ទំនាក់ទំនងអ្វី​ ជាមួយក្រុម​ភេរវករជ្រុល​និយមនេះ​ឡើយ។

គួរជម្រាបថា ​នៅមុនមាន​ការអះអាងពីក្រុម​សិទ្ធិមនុស្សលីប៊ី យោធា​អាមេរិក​ប្រចាំ​ទ្វីប​អាហ្វ្រិកវិញ ​បានចេញសេចក្តីថ្លែងការណ៍​ឲ្យដឹងថា តាមរយៈការសម្រប​សម្រួល​ជាមួយរដ្ឋា​ភិបាល​លីប៊ី កងទ័ពអាមេរិក​បានធ្វើប្រតិបត្តិការ​ផ្លូវអាកាស នៅក្បែរ​ក្រុង Bani Walid ប្រទេសលីប៊ី ដោយបានផ្តាច់​ជីវិតសមាជិក ISIS សរុប ០៤នាក់ រួមមានទាំង​មេបញ្ជាការជាន់ខ្ពស់​ម្នាក់ផងដែរ ហើយពុំមាន​ជនរងគ្រោះជា​ជនស៊ីវិល​នៅ​ក្នុងការវាយប្រហារ​នេះ​ឡើយ៕