(ម៉ូស្គូ)៖ ប្រព័ន្ធមីស៊ីល​​ការពារដែន​អាកាសរុស្ស៊ី S-400 កំពុងប្រឈមមុខ​នឹងបញ្ហា​ផ្នែកលក់ ខណៈប្រទេស​​ជាច្រើនមានបំណង​បញ្ជា​ទិញ បើទោះជា​សហរដ្ឋអាមេរិក​ព្រមានដាក់​ទណ្ឌកម្ម​ក៏ដោយ។ តើហេតុអ្វី​​បានជា S-400 ធ្វើឱ្យ​​សហរដ្ឋអាមេរិក​មិនសប្បាយចិត្ត? ស្វែងយល់ចំណុចមួយចំនួនខាងក្រោម ដែលជាកត្តានាំឲ្យអាមេរិក រករឿងប្រទេសណា ដែលទិញប្រព័ន្ធនេះ ឬអាវុធផ្សេងៗទៀតពីប្រទេសរុស្ស៊ី៖

* សមត្ថភាពខ្លាំងលើលោកបច្ចុប្បន្ន

S-400 គឺជាប្រព័ន្ធមីស៊ីល​ការពារដែនអាកាស ដែលទំនើបចុងក្រោយ​បំផុតរបស់​រុស្ស៊ី និងត្រូវបានរចនា​ឡើងប្រកបដោយ​ភាពជាក់លាក់ ក្នុង​ការបំផ្លាញគោលដៅ​សត្រូវជាច្រើន​ក្នុងពេល​តែមួយ។ ប្រព័ន្ថមីស៊ីលនេះ​មានសមត្ថភាព ​បាញ់ទម្លាក់​​យន្ដហោះចម្បាំង​ នៅរយៈចំងាយ ៤០០គីឡូម៉ែត្រ​ឡើងទៅ ព្រមទាំងគ្រាប់​មីស៊ីលបាលិស្ទីក​​នៅរយៈចំងាយ ៦០គីឡូម៉ែត្រ។ មិនតែ​ប៉ុណ្ណោះ វាក៏អាចប្រើប្រាស់​យ៉ាង​ហោចណាស់ មីស៊ីលប្រឆាំង​យន្ដហោះចំនួន​បួនប្រភេទ ជាមួយកាំភ្លើង​ធំបាញ់ចេញមាន​សមត្ថភាពខ្ពស់ និងស្ថិតនៅ​ក្នុងភាពអាថ៌​កំបំាង។ ដោយឡែក​កាលពីចុង​ខែមេសា យោធារុស្ស៊ី​បានប្រកាស​ថា កងទ័ពរបស់ខ្លួននឹង​ទទួលបាន​កញ្ចប់ថ្មីនៃ​មីស៊ីល S-400 ដែលមាន​សមត្ថភាពបាញ់​កម្ទេច​គោលដៅ នៅស្រទាប់​បរិយាកាស​ទាប​នៃផែនដី។

មីស៊ីល S-400 មានឧបករណ៍​បាញ់យ៉ាងហោច ០៦ រថយន្ដបញ្ជា​មួយគ្រឿង រ៉ាដាចល័ត​មួយ រថយន្ដដឹកជញ្ជូន និងតម្លើង​មួយគ្រឿង ហើយក្នុងមួយ​ឈុត​អាចចាប់សញ្ញា ក៏ដូចជាបំផ្លាញ​គោលដៅរបស់​សត្រូវ នៅរយៈចំងាយ ៦០០គីឡូម៉ែត្រ និង​បាញ់​កម្ទេច​​គោលដៅ ៣៦ទីតាំង ឡើង​ទៅក្នុងពេល​តែមួយ។ S-400​ ក្នុង​មួយឈុត (កាំភ្លើងធំ) មានឧបករណ៍​បាញ់ចំនួន យ៉ាងតិច ០៦ ឬ ០៨គ្រឿង និងមានមីស៊ីល ១១២គ្រាប់, រថយន្ដបញ្ជា និងរថយន្ដរណប ដែលមានតម្លៃសរុបចូលគ្នាទាំងអស់ ៤០០លានដុល្លារ។

* ជាគូប្រជែងទីផ្សារ​ នៃប្រព័ន្ធមីស៊ីល​អាមេរិក Patriot system

សហរដ្ឋអាមេរិក​មិនពេញចិត្ត​ចំពោះ S-400 ដែលអាចនិយាយ​បានថា ដោយសារតែប្រព័ន្ធមីស៊ីលនេះ អាចប្រកួត​ប្រជែងទីផ្សារ​ជាមួយ ប្រព័ន្ធមីស៊ីល​អាមេរិក ពោលគឺទីក្រុង​វ៉ាស៊ីនតោន ព្រួយបារម្ភ​ខ្លាចក្រែងវាបង្ក​ផលប៉ះ​ពាល់ ដល់ការលក់​អាវុធអាមេរិក ជាពិសេស​គឺ​ប្រព័ន្ធ​មីស៊ីល Patriot system។ បើតាម​យោធា S-400 មាន​សមត្ថភាពបំផ្លាញ​គោលដៅ​សត្រូវ ក្នុងល្បឿនលឿន​ជាងពីរដង​បើធៀប​នឹង Patriot របស់​សហរដ្ឋអាមេរិក។

* ប្រទេសមាន​សម្ព័ន្ធភាព​ជាមួយអាមេរិកមួយចំនួន ផ្តើមងាកទៅរកប្រព័ន្ធ S-400

ឥណ្ឌា កាតា និងតួកគីជាដើម សុទ្ធតែ​បានទិញ និងកំពុង​មានគំរោង​ទិញប្រព័ន្ធ S-400 ពីរុស្ស៊ី​ទាំងអស់​ដែលអាចថា មិនមែនដោយ​សារប្រទេសទាំងនេះ ចង់​​មាន​​ទំនាក់​ទំនង​​ល្អ​ជាមួយរុស្ស៊ី​​ជាងអាមេរិកនោះឡើយ ប៉ុន្តែក៏ព្រោះ​តែតម្លៃ​របស់ S-400 ទាបជាង​ឆ្ងាយខ្លាំង ប្រើធៀបនឹង​ប្រព័ន្ធមីស៊ីល​លំដាប់​​ខ្ពស់របស់​សហរដ្ឋអាមេរិក។ កាលពីចុង​ឆ្នាំ២០១៧ ប្រទេសប៉ូឡូញ​បានស្រែកថា ខ្លួនមិនអាច​ទិញប្រព័ន្ធ​មីស៊ីល Patriot ពីអាមេរិក​​បានឡើយ ព្រោះអាមេរិក​គ្រោង​លក់ ០៤ឈុតក្នុង​តម្លៃរហូត​ដល់ ១០.៥ពាន់​លានដុល្លារ​ឯណោះ។

គួរបញ្ជាក់ថា បើតាមសេចក្ដី​រាយការណ៍​ជាច្រើន សហរដ្ឋអាមេរិក​កំពុង​ពិចារណា​​ដាក់ទណ្ឌកម្មប្រឆាំង​នឹងតួកគី និងឥណ្ឌា ឬសូម្បីតែកាតា បើសិនជា ប្រទេសទាំងពីរ​ហ៊ានទិញ S-400​ ពីរុស្ស៊ី​ដែលនេះ​អាចរំខាន ដល់​ការលក់នៅលើ​ទីផ្សារអាវុធ​របស់ទីក្រុងម៉ូស្គូយ៉ាងពិតប្រាកដ៕