(វ៉ាស៊ីនតោន)៖ ជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្ត​ទៅនៅឯសណ្ឋាគារ​ខាភែលឡា (Capella Hotel) ស្ថិតនៅលើ​កោះសេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយ​នេះ។ នេះបើតាម​ការបញ្ជាក់​ពីសេតវិមានអាមេរិក។

មុននឹងជំនួប​នេះ លោក ត្រាំ ធ្លាប់បាន​អះអាងថា លោកនឹងផ្ដល់​រង្វាន់ដ៏អស្ចារ្យដល់​កូរ៉េខាងជើង ក្នុងនោះរួមមាន​ទាំងការជួយ​​ឱ្យសេដ្ឋកិច្ច​កូរ៉េខាងជើង ស្គាល់ភាពរុងរឿង​ដូចជាកូរ៉េខាងត្បូង​ផងដែរ បើសិនជា​ទីក្រុង​ព្យុងយ៉ាង យល់ព្រម​បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង។ ប៉ុន្តែតើ​កូរ៉េខាងជើង​ចង់បានអ្វីពិតប្រាកដ​ ពីសហរដ្ឋអាមេរិក​នៅ​ក្នុងជំនួប ​ត្រាំ-​គីម នោះ?

១៖ ការធានា​សន្តិសុខពី​សហរដ្ឋអាមេរិក

កាលពី​ខែឧសភា អនុរដ្ឋមន្ត្រីការ​បរទេសកូរ៉េខាង​ជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បាននិយាយថា ទីក្រុងព្យុងយ៉ាង​មិនចាប់អារម្មណ៍ ចំពោះការ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ដោយគ្មាន​ការផ្លាស់ប្ដូរគោលជំហរ​យោធា ​របស់សហរដ្ឋអាមេរិក​នោះទេ។ លើសពី​នេះទៅទៀត មន្ត្រីជាន់ខ្ពស់រូបនេះ​បានចោទប្រកាន់​សេតវិមាន និងក្រសួង​ការបរទេស​អាមេរិក​ថា កំពុងព្យាយាម​ធ្វើឱ្យ​កូរ៉េខាងជើង​​​​វិលទៅរក ស្ថានភាព​ដូចជាប្រទេស​លីប៊ី តាមរយៈការរំសាយ​ចោលអាវុធ​នុយក្លេអ៊ែរ​ជាមុន បន្ទាប់មក​ទើបទទួលការ​តបស្នង​តាមក្រោយ។

អតីតមេដឹកនាំ​លីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Moammar Gadhafi) បានសម្រេច​ចិត្តរំសាយ​ការអភិវឌ្ឍ​កម្មវិធីអាវុធ​នុយក្លេអ៊ែរ ជាថ្នូរនឹង​ការដក ទណ្ឌកម្ម​សេដ្ឋកិច្ច និងមានទំនាក់​ទំនងប្រក្រតីឡើងវិញជា​មួយ​សហរដ្ឋអាមេរិក។ ប៉ុន្តែចុង​ក្រោយ របបដឹក​នាំ Gadhafi បែរជារលំ​រលាយ​ដោយសារតែក្រុម​ឧទ្ទាមបះបោរ​ ដែលគំាទ្រ​ដោយទីក្រុងវ៉ាស៊ីនតោន​ទៅវិញ។ ដូច្នេះទើប​អ្នកជំនាញខ្លះ​យល់ថា របបដឹកនាំ​លោក គីម ជុងអ៊ុន នឹងមិនបោះចោល​អាវុធនុយក្លេអ៊ែរ​ដោយងាយៗ​នោះទេ បើសិនជា​ខ្លួនមិនមានអារម្មណ៍​ថា ត្រូវបាន​ធានា​សន្ដិសុខ និងសុវត្ថិភាព។

២៖ សនិ្តភាព

ការព្រមព្រៀង និងសេចក្ដីថ្លែងការណ៍​របស់កូរ៉េខាងជើង នាមួយរយៈពេល​ចុងក្រោយនេះ​បានបង្ហាញថា លោក គីម ជុងអ៊ុន ចង់​បាន ទំនាក់ទំនង​ជាប្រក្រតីដូចប្រទេសជាច្រើន​ ជាមួយ​សហរដ្ឋអាមេរិក។ «ការបញ្ចប់​គោល​នយោបាយ​​អរិភាព​របស់វ៉ាស៊ីនតោន នៅតែ​ជាវត្ថុបំណង របស់លោក គីម ដូចជាជីតា​របស់​លោក (លោក គីម អ៊ីលស៊ុង) និង​ឪពុករបស់លោក (លោក គីម ជុងអ៊ីល) កាលពីជាង ៣០ឆ្នាំមុន មកម្ល៉េះ»។​ នេះបើតាម លោក ឡេអន ស៊ីហ្គាល់ (Leon Sigal) អ្នកនិពន្ធសៀវភៅ​ឈ្មោះ Disarming Strangers ដោយលោក​បញ្ជាក់ទៀតថា​ លោក​ គីម អាចនឹង​រំសាយ ឬបោះជំហាន​ទៅរកការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ បើលោក ត្រាំ ប្ដេជ្ញាចិត្តបញ្ចប់ទំនាក់ទំនង​អរិភាពជាមួយ​កូរ៉េខាងជើង។

តែទោះជាយ៉ាង​នេះក្ដី បញ្ហាដែលនៅតែមាន​នោះគឺ សម្រាប់មេដឹកនាំអាមេរិក របបដឹកនាំផ្ដាច់​ការកូរ៉េខាងជើង ​មានភាព​សាហាវឃោរឃៅ នៅក្នុងកែវភ្នែក​ប្រជាជនអាមេរិក និងនៅតែប្រកាន់អកប្បកិរិយា​ឈ្លានពាន​ ចំពោះអ្នកជិតខាង​ដូចជា​ជប៉ុន​ជាដើម។

៣៖ ការអភិវឌ្ឍ​សេដ្ឋកិច្ច

នៅអំឡុងថ្លែង​សារចូលឆ្នាំថ្មី លោក គីម ជុងអ៊ុន បាន​និយាយថា ប្រទេសក្រីក្រ​របស់លោកបាន​ត្រៀមខ្លួនរួចជា​ស្រេច​ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច​របស់​ខ្លួន។ មួយវិញ​ទៀត កិច្ចចរចា​ជាច្រើន​កន្លងមក ក៏ផ្ដោតសំខាន់​លើផលចំណេញ​សេដ្ឋកិច្ច​ផងដែរ ខណៈលោក ដូណាល់ ត្រាំ ធា្លប់បាន​លើកឡើង​ថា លោកមិន​ចង់និយាយពីការ​ដាក់សម្ពាធ​អតិបរមាលើកូរ៉េខាងជើង​ទៀតទេ ហើយថា​កូរ៉េខាងត្បូង ជប៉ុន និងចិនអាច​នឹងផ្ដល់ជំនួយ​សេដ្ឋកិច្ច​ ដល់ទីក្រុង​ព្យុងយ៉ាង បើសិនជា​កិច្ចចរចានៅ​សិង្ហបុរី ដំណើរការ​ទៅដោយ​រលូន។

៤៖ កេងចំណេញ​ពេលវេលា

កូរ៉េខាងជើង បានធ្វើកិច្ច​ចរចាជាច្រើន ខណៈខ្លួននៅតែបន្ត​អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ហើយអាចនឹង​ត្រូវបានគេរំពឹងថា នឹងបន្ត​ធ្វើដូចគ្នានេះ​ដដែល។ នេះបើតាម​អ្នកវិភាគ លោក Richard Fisher មកពីមជ្ឈមណ្ឌល​វិភាគ និងយុទ្ធសាស្ត្រ។ លោក Fisher​ បន្តថា ខណៈលោក គីម ធ្វើការចរចា​ជាមួយលោក ត្រាំ ក្រុមវិស្វករ​កូរ៉េខាងជើង នៅតែបន្ត​អភិវឌ្ឍអាវុធនុយក្លេអ៊ែរ​​ ដែលអាចបាញ់​ដល់​​សហរដ្ឋអាមេរិក។
អ្នកជំនាញ​រូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ពួកគេ (កូរ៉េខាងជើង) បានបាញ់​សាកល្បង​មីស៊ីល ICBM ចំនួនពីរ​គ្រាប់ ដែលមាន​សមត្ថភាព​បាញ់ដល់ដីគោក​សហរដ្ឋអាមេរិក។ ប៉ុន្តេពួកគេ​មិនទាន់អាច​បង្ហាញថា មីស៊ីលនេះ​អាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ហោះចូលក្នុង​បរិយាកាស​នៅឡើយទេ។ ដូច្នេះខ្ញុំ​ជឿជាក់ថា ពួកគេនឹងប្រឹងប្រែង​ធ្វើការទាំងយប់​ទំាងថ្ងៃ​ ដើម្បីអភិវឌ្ឍន៍​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

៥៖ ធ្វើការងារជាមួយចិន

ការចរចារវាង លោក គីម ជាមួយ​លោក ត្រាំ និងលោក មូន ជែអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង អាចឱ្យគេមើលឃើញ​ថា គឺជាការគូស វាសរបស់ចិនឱ្យកូរ៉េខាងជើង ឈានជើង​ចូលឆាក​អន្តរជាតិ ដើម្បីសម្រេច​គោលដៅរួម នោះគឺកាត់បន្ថយ​ឥទ្ធិពលយោធា​អាមេរិក នៅក្នុងតំបន់​អាស៊ី​ភាគឦសាន។ «លោក គីម និងចិន កំពុងស្វែង​រកការបញ្ចប់វត្តមាន​ យោធាអាមេរិកនៅកូរ៉េខាងត្បូង។ ពួកគេចង់ឱ្យ អាមេរិកចេញ​ពីឧបទ្វីបកូរ៉េ ហើយធ្វើឱ្យ​ជប៉ុនកាន់​តែឯកោ»។ នេះបើ​តាមលោក Richard Fisher។

គួរបញ្ជាក់ថា មួយរយៈពេល​ចុងក្រោយនេះ លោក គីម ជុងអ៊ុន កាន់តែ​ធ្វើឱ្យពិភពលោក​​ចាប់​អារម្មណ៍​​​ជា​ពិសេស ក្រោយក្លាយជា មេដឹកនាំកូរ៉េខាងជើង​ដំបូងគេ ដែលយកជើង​ជាន់ដី​កូរ៉េខាងត្បូង នៅក្នុង​ជំនួបលោក មូន​ ជែអ៊ីន កាលពីចុងខែមេសា នៅឯតំបន់​ព្រំដែនគ្មាន​យោធាប៉ែកទឹកដី​កូរ៉េខាងត្បូង។
ចំណែកឯ ក្រុមអ្នកជំនាញ​មួយចំនួនយល់ថា នេះគឺជាការបោះ​ជំហានថ្មីមួយ​របស់មេដឹក​នាំកូរ៉េខាងជើងរូបនេះ​ ចូលឆាកអន្តរជាតិ ដើម្បីរំដោះខ្លួន​ពីភាពឯកោ។​ ជាក់ស្ដែង បើតាមស្ថានីយទូ​រទស្សន៍កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អញ្ជើញឱ្យ​មកចូលរួមក្នុង​សន្និសីទ​មួយក្នុងទីក្រុង Vladivostok នៅ​ខែកញ្ញា ខាងមុខនេះ ស្របពេលមាន​សេចក្ដីរាយការណ៍​ថា លោក បាស្សា អាល់ អាសាដ គ្រោងនឹងបំពេញ​ដំណើរទស្សន​កិច្ច​មកកាន់ទីក្រុង​ព្យុងយ៉ាង៕

ប្រភព៖ USA TODAY​