(វ៉ាស៊ីនតោន)៖ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក FBI កំពុងបើកការស៊ើបអង្កេតជុំវិញរបាយការណ៍មួយដែលថារដ្ឋាភិបាល ចិនបានវាយប្រហារព័ត៌មានវិទ្យា ឬ Hack​ លើក្រុមហ៊ុន​ម៉ៅការ​ផលិតអាវុធសម្រាប់​យោធា​អាមេរិក ដោយលួចបានទិន្នន័យសន្តិសុខសំខាន់ៗ​មួយចំនួន។ នេះបើ​តាម Washington Post ដកស្រង់​ដោយ​សារព័ត៌មាន BBC​ នៅ​ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​កាសែត​អាមេរិក Washington Post ក្រុម Hacker​s ចិនបានចូល​លួចទិន្នន័យសន្តិសុខ​សំខាន់ៗមួយចំនួន​ក្នុងនោះ​ រួមមានទាំងគំរោង​ផលិតមីស៊ីល​ស៊ូបភើសូនិច (supersonic missile) ហើយការ​វាយប្រហារ​ព័ត៌មានវិទ្យា​នេះ​ កើតមានឡើង​នៅចន្លោះ​ខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បន្ថែម​ពី​លើនេះ ថ្លែងនៅក្នុង​លក្ខខណ្ឌ​មិនបញ្ចេញ​​ឈ្មោះ​ប្រាប់ Washington Post មន្ត្រី​អាមេរិក​​បានឱ្យ​ដឹងថា ក្រុមហ៊ុនម៉ៅការ​ផលិតអាវុធ​ដែលត្រូវគេ Hack នោះគឺកំពុង​ទទួល​ខុសត្រូវ​លើ​ការស្រាវជ្រាវ និងអភិវឌ្ឍន៍នាវាមុជទឹក ក៏ដូចជា​អាវុធនៅក្រោម​ទឹកឱ្យកងនាវា​អាមេរិក ជាពិសេស​គឺគំរោង Sea Dragon ដែលមានគោលដៅ​ផលិតមីស៊ីល​ស៊ូបភើសូនិច (supersonic missile) សម្រាប់បំពាក់​លើនាវាមុជទឹក​នៅត្រឹម​ឆ្នាំ២០២០។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ក្រុមហ៊ុនខាងលើកំពុង​ធ្វើការងារជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវសង្រ្គាមក្រោមផ្ទៃទឹក (Naval Undersea Warfare Center) ជាអង្គភាពយោធា​មួយមានមូលដ្ឋាន នៅក្នុងទីក្រុង​ញូផត (Newport) នៃកោះ រ៉ូដ (Rhode)។ ក៏ប៉ុន្តែរដ្ឋាភិបាល​ចិនមិនទាន់​មានប្រតិកម្មអ្វី ​ទៅនឹង​សេចក្ដីរាយការណ៍​របស់​វ៉ាស៊ីនតោនផុស (Washington Post) នៅឡើយទេ៕