(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) បានសម្តែងក្តី​ព្រួយបារម្ភអំពីចេតនា​របស់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ​បញ្ឈប់ការ​ធ្វើសមយុទ្ធយោធារួម​ ជាមួយ​កូរ៉េខាងត្បូង។ នេះបើតាម​សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ដក​ស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​ពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ដោយមានក្តីកង្វល់​អំពីគម្រោង​របស់ លោក ត្រាំ ក្នុងការបញ្ឈប់​ការធ្វើសមយុទ្ធជា​មួយទីក្រុង​សេអ៊ូល លោក Onodera បានលើក​ឡើងថា «សមយុទ្ធយោធា​អាមេរិក-កូរ៉េខាងត្បូង និងវត្តមាន​កងទ័ពអាមេរិក​នៅលើទឹកដី​កូរ៉េខាងត្បូង ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការថែរក្សា​សន្តិ​សុខ​ នៃតំបន់​អាស៊ីខាងកើត ហើយការ​ដោះស្រាយបញ្ហា​ នៃអាវុធនុយក្លេអ៊ែរ មីស៊ីល និងការ​ចាប់ជម្រិត គឺជាគោលដៅ​ចុងក្រោយ​របស់យើង​ ដែលយើងចង់​ស្នើឲ្យ​កូរ៉េខាងជើង ធ្វើការផ្លាស់ប្តូរ​គោល​នយោបាយ នៅក្នុងរបៀប​ដែលអាចមើលឃើញ​ជាក់ស្តែង»។ បើតាម​លោក ​Onodera ជប៉ុននឹងនៅតែបន្ត​រក្សាការដាក់​សម្ពាធទៅ​លើ​កូរ៉េខាងជើង។

គួរជម្រាបថា ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ និងនៅក្នុងការ​ផ្តល់បទសម្ភាសន៍​ជាមួយបណ្តាញ​ព័ត៌មាន Fox News នៅក្រោយ​ការបើកកិច្ច​ប្រជុំកំពូល ​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាល​ពីម្សិលមិញ​នៅសិង្ហបុរី លោក ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​​នឹង​បញ្ឈប់ការ​ធ្វើសមយុទ្ធយោធា​ជាមួយ​កូរ៉េខាងត្បូង ខណៈដែល​ការធ្វើយ៉ាង​ដូច្នោះ នឹងជួយ​សន្សំសំចៃថវិកា​បានយ៉ាងច្រើន ហើយនៅ​​ទីបំផុតនោះ កងទ័ព​អាមេរិកនៅ​កូរ៉េខាងត្បូង នឹងអាច​ត្រូវដកឲ្យត្រឡប់​មកប្រទេស​កំណើតវិញ​ថែម​ទៀតផង។

បើគិត​ពីវត្តមានយោធា​របស់អាមេរិក​នៅកូរ៉េខាងត្បូង ត្រូវបានអ្នក​វិភាគ​យុទ្ធសាស្ត្រ​មើល​ឃើញថា មិនមែនដើម្បី​តែសម្រាប់ត្រៀមទប់ទល់ នឹងកូរ៉េខាងជើង​ជាចម្បងនោះ​ឡើយ ប៉ុន្តែចិន​គឺ​​ប្រទេសយក្ស​មួយ ដែលកំពុង​បង្កើនឥទ្ធិពល​ខ្លាំងឡើងៗ នៅចំពោះ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរនេះ​តែម្តង ហេតុដូច្នេះ​​ការថមថយឥទ្ធិពល​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង ក៏ជាផលអវិជ្ជមាន​ខ្លាំងចំពោះជប៉ុនខ្លាំង​ផងដែរ៕