(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងទទួល​ជួបពិភាក្សាជា​មួយប្រធានសភា​ជាន់ខ្ពស់​កូរ៉េខាងជើង លោក គីម យ៉ុងណាំ នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ។ នេះ​បើ​តា​ម​សម្តីអ្នកនាំពាក្យវិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) ដកស្រង់​ខ្លឹមសារ​ដោយ​សារព័ត៌មានរុស្ស៊ី TASS នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក Peskov បានឲ្យដឹង​យ៉ាងដូច្នេះថា «ប្រធានសភា​ជាន់ខ្ពស់នៃប្រទេស​កូរ៉េខាងជើង លោក គីម យ៉ុងណាំ នឹងត្រូវជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន»។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ក៏បានរាយការណ៍​ឲ្យដឹងពីគម្រោង​​​របស់លោក គីម យ៉ុងណាំ មកធ្វើទស្សនកិច្ច​នៅប្រទេស​រុស្ស៊ីផងដែរ និងដើម្បីចូលរួម​ការពិធីបើកការប្រកួត​ ព្រឹត្តិការណ៍បាល់​ទាត់​ពិភព​លោក FIFA World Cup 2018។

គួរជម្រាបថា ព្រឹត្តការណ៍កីឡា​អន្តរជាតិបួន​ឆ្នាំមានម្តង ដ៏ពេញនិយមទូទាំង​ពិភពលោកនេះ នឹងប្រព្រឹត្ត​ទៅពីថ្ងៃទី១៤ ខែមិថុនា ស្អែកនេះ​រហូតដល់ថ្ងៃទី១៥ ខែកក្កដា​ខាងមុខ នៅឯពហុកីឡដ្ឋាន​ចំនួន ១២កន្លែង ក្នុងទីក្រុង​ចំនួន ១១ របស់សហព័ន្ធរុស្ស៊ី។ សម្រាប់ព្រឹត្តិការណ៍​បើក FIFA World Cup 2018 នឹងប្រារព្ធឡើង​នៅពហុកីឡដ្ឋាន Luzhniki នៅថ្ងៃ​ស្អែកនេះ នៅមុនជំនួប​ប្រកួតបើកព្រឹត្តិការណ៍រវាងក្រុម​បាល់​ទាត់​ជម្រើសជាតិ​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត៕