(សេអ៊ូល)៖ សហរដ្ឋអាមេរិនិងកូរ៉េខាងត្បូង ​​នៅខែក្រោយប្រហែលជានឹងធ្វើការសម្រេចចិត្តថា តើគួរឬមិនគួរបញ្ឈប់ការធ្វើ​សម​យុទ្ធ​យោ​ធា​រួម​គ្នា​របស់​​សម្ព័ន្ធមិត្តទាំងពីរ ដើម្បីបង្កើតជាលក្ខខណ្ឌអំណោយដល់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ នេះ​បើ​តាម​ប្រភព​​ឲ្យ​​ដឹង​​ពី​យោធាកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងអំឡុងការធ្វើសន្និសីទមួយ នៅក្រោយកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង​ ជាមួយលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្តី​​ប្រកាសដ៏ភ្ញាក់ផ្អើលខាងលើនេះថា រូបលោកនឹងបញ្ឈប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ​ប្រចាំឆ្នាំ Ulchi Freedom Guardian ដែល​តែង​តែ​ប្រារព្ធ​ឡើងជារៀងរាល់ខែសីហា ជាមួយកូរ៉េខាងត្បូង ព្រមទាំងសមយុទ្ធធំៗមួយចំនួនទៀត។

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «បញ្ហានេះកំពុងស្ថិតក្រោមការពិ​ចារ​ណាតបតាមសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ហើយការសម្រេចចិត្តច្បាស់មួយ អាចត្រូវរំពឹងថានឹងធ្វើឡើងនៅ​ក្នុងខែកក្កដាខាងមុខនេះ»

គួរជម្រាបថា ការប៉ុនប៉ងផ្អាកសមយុទ្ធយោធាពីសំណាក់សហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ រវាងរដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ជែម ម៉ាទីស (James Mattis) និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក សុង យុងមូ (Song Young-moo) ផងដែរ ដោយ​លោក Mattis បានធានាដល់សមភាគីរបស់លោកអំពី​​សម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរ៕