(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីក្រើនរំលឹកកម្រិតខ្ពស់ ទៅដល់ប្រជាជនខ្លួនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីបង្ការខ្លួនកុំឲ្យរងការវាយប្រហារដោយអំពើភេរវកម្ម នៅអំឡុងពេលប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន Channel News Asia នៅដកស្រង់ពី Reuters ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រសួងការបរទេសអាមេរិកបានបន្តទៀត ព្រឹត្តិការណ៍អន្តរជាតិដែលមានលក្ខណៈធំធេងបែបនេះ គឺតែងតែស្ថិតនៅក្នុងគោលដៅ​នៃការវាយប្រហារដោយពួកភេរវករ។ ទោះបីជាសន្តិសុខត្រូវបានរឹតបន្តឹងកម្រិតខ្ពស់ក្តី ប៉ុន្តែភេរវករនៅតែអាចបញ្ជ្រៀតចូល កន្លែងប្រមូលផ្តុំមនុស្សម្នាជាច្រើនដូចជា ពហុកីឡាដ្ឋាន, កន្លែងក្រុមអ្នកគាំទ្របាល់ទាត់ទស្សនាការ Live, កន្លែងរង់ចាំយានជំនិះ និងទីសារធារណៈជាច្រើនទៀត ដែលមានមនុស្សប្រមូលផ្តុំកកកុញ។

សេចក្តីថ្លែងការណ៍របស់អាមេរិក ក៏បានបញ្ជាក់ផងដែរឲ្យប្រជាជនរបស់ខ្លួន គិតគូរឡើងវិញបើសិនជាចង់ធ្វើដំណើរទៅរុស្ស៊ី ដើម្បីចូលរួមទស្សនាផ្ទាល់ នៃព្រឹត្តិការណ៍ប្រកួតកីឡា​World Cup នោះ ដើម្បីបង្ការកុំឲ្យរងអំពើភេរវកម្ម៕