(ពិភពលោក)៖ បន្ទាប់ពីការរងចាំអស់រយៈពេល៨ឆ្នាំ ក្រោយពីជាប់ឆ្នោតក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត World Cup លំដាប់ពិភពលោក  នៅទីបំផុតព្រឹត្តិការណ៍នេះ ក៏ត្រូវបានរៀបចំឡើងក្នុងទីក្រុងទាំង១១ នៃសហព័ន្ធរុស្ស៊ី។ ហេតុនេះ តើរដ្ឋាភិបាលក្រុង ម៉ូស្គូ អាចក្តោបកា្ដប់យកឱកាសទាញយកផលចំណេញសេដ្ឋកិច្ចអ្វីខ្លះ ពីព្រឹត្តិការណ៍ដ៏ធំដែលទើបរៀបចំឡើងនៅទឹកដីរបស់ខ្លួនជាលើកដំបូង?

ប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយការប្រកួតនេះត្រូវបានគេប្រារព្ធឡើងនៅក្នុងទីក្រុងទាំង១១ ក្នុងនោះរួមទាំងរដ្ឋធានីមូស្គូស ទីក្រុងល្បីល្បាញ ផេធ័របឺ(Petersburg) និងទីក្រុង សូជី (Sochi) ផងដែរ។

អ្នកវិភាគបានឱ្យដឹង ការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការប្រកួតនេះ នឹងផ្ដល់នូវផលចំណេញរយៈពេលខ្លីមួយចំនួនធំសម្រាប់រុស្ស៊ី ក្នុងនោះដូចជាប្រាក់ចំណូលបានពីការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ដែលជាអ្នកគាំទ្រវិស័យកីឡា ការវិនិយោគទុន ការផ្តល់ការងារដល់ប្រជាពលរដ្ឋ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលក់សេវាកម្ម ទំនិញ និងផលិតកីឡាជាដើម។ ម្យ៉ាងទៀតការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រៀបចំព្រឹត្តិការណ៍នេះ អាចឱ្យរុស្ស៊ី ប្រើប្រាស់បន្តទៅថ្ងៃអនាគត។

អ្នកវិភាគបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡានេះ អាចឱ្យរុស្ស៊ី ទទួលបានផលចំណេញរយៈពេលខ្លីច្រើនជាងផលចំណេញរយៈពេលវែង។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់សរុបចំនួន៨៨៣ពាន់លានរូប (១៤,២ពាន់លានដុល្លារអាមេរិក) លើការរៀបចំព្រឹត្តិការណ៍នេះ។  យោងតាមកាសែត Moscow Times កាលពីសប្ដាហ៍មុនបានឱ្យដឹងថា ការចំណាយនេះ មានតម្លៃច្រើនជាងថ្លៃចំណាយផ្លូវការចំនួនទៅទៀត។

អ្នករៀបចំការប្រកួត World Cup រំពឹងថាអ្នកគាំទ្របរទេសអាចនឹងមានចំនួនប្រមាន ៥៧០ពាន់នាក់ និងជនជាតិរុស្ស៊ីប្រហែល៧០០ពាន់នាក់ ដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី ដែលនាំឱ្យមានភាពរីកចម្រើនលើវិស័យទេសចរណ៍ រាប់ទាំងសណ្ឋាគារ ភោជនីយដ្ឋាន។ ដោយឡែកសេវាកម្មផ្នែកដឹកជញ្ជូនអ្នកដំណើរ ក៏នឹងទទួលបានប្រាក់ចំណូលច្រើនដូចគ្នា។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ Moody's Investors Service បានអះអាងថា ផលប៉ះពាល់វិជ្ជមានដែលបានមកពីព្រឹត្តិការណ៍ World Cup ភាគច្រើនជាផលប៉ះពាល់វិជ្ជមានរយៈពេលខ្លីប៉ុណ្ណោះ។ តាមអ្នកវិភាគខ្លះបានលើកឡើងថា បើនិយាយពីផ្នែកហិរញ្ញវត្ថុ រុស្ស៊ី ក៏ដូចជាប្រទេសជាម្ចាស់ផ្ទះមួយចំនួន ទំនងជាមិនទទួលបានផលចំណេញពីការប្រកួត World Cup នេះច្រើនពេកនោះទេ ព្រោះរុស្ស៊ីត្រូវចំណាយប្រាក់ប្រមាណ១៤ពាន់លានដុល្លារដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមរៀបចំការប្រកួតកីឡា ខណៈដែលចំណូលដែលបានមកពី World Cup នេះ ពេលខ្លះមិនអាចទូទាត់ជាមួយនឹងការចំណាយឡើយ។

តាមរយៈការស្ទាបស្ទង់មតិកាលពីឆ្នាំ២០០៨កន្លងទៅនេះ បានបង្ហាញថា មនុស្សក្នុងចំណោម១០នាក់ក្នុងនោះ៨នាក់បានបានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងផ្ដល់ផលវិជ្ជមានដល់មុខមាត់រុស្ស៊ី លើឆាកអន្តរជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះសម្លេងពាក់កណ្តាលប៉ុណ្ណោះ គិតថាការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឬការប្រកួត World Cup នឹងមានផលវិជ្ជមានទៅលើសេដ្ឋកិច្ច។

យ៉ាងនេះក្តី អ្វីដែលសំខាន់បំផុតសម្រាប់រុស្ស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ គឺកេរ្តិ៍ឈ្មោះឱកាសក្នុងការបង្ហាញពិភពលោកឱ្យស្គាល់ពីភាពរីកចម្រើន របស់ប្រទេស រុស្ស៊ី។ វាក៏ជាផ្នែកមួយនៃការលើកមុខលើកមាត់រដ្ឋាភិបាល ម៉ូស្គូ នៅលើឆាកអន្តរជាតិផងដែរ។ ប្រទេសរុស្ស៊ីបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ការចំណាយ លើព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនេះ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា