(ប៉េកាំង)៖ ទីបំផុតមហាយក្សចិន បានបញ្ចេញបញ្ជីរាយនាមមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលនឹងត្រូវទទួលរងការដំឡើងពន្ធបន្ថែម ក្រោមចំណាត់ការតបតរបស់ទីក្រុងប៉េកាំង ចំពោះសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេចបង្កើនពន្ធលើទំនិញនាំចូល​ពីប្រទេសចិន កាលពីម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ដោយទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សារដ្ឋ គណៈកម្មការពន្ធគយចិន បានសម្រេចដាក់ការដំឡើងពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលសរុបចំនួន ៦៥៩មុខ របស់សហរដ្ឋអាមេរិក គិតជាតម្លៃប្រហែល ៥០ពាន់លានដុល្លារ។ ក្នុងចំណោមនោះ ការបង្កើនពន្ធបន្ថែមលើទំនិញ​៥៤៥មុខ ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៣៤ពាន់លានដុល្លារ រួមមានផលិតផលកសិកម្ម និងយានជំនិះជាដើមនោះ នឹងចូលជាធរមានចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨តទៅ។ ចំណែកឯកាលបរិច្ឆេទធ្វើការអនុវត្តន៍ សម្រាប់ការដំឡើងពន្ធបន្ថែមទៅលើទំនិញ​១១៤មុខ​ទៀតនោះរួមមាន ផលិតផលគីមី បរិក្ខាវេជ្ជសាស្រ្ត និងផលិតផលថាមពល ដែលនឹងត្រូវប្រកាសនាពេលក្រោយទៀត។

គួរជម្រាបថា នាម្សិលមិញនេះ សហរដ្ឋអាមេរិកបានប្រកាសពីការបង្កើនពន្ធបន្ថែម ២៥ភាគរយ ទៅលើទំនិញនាំចូលពីចិន ដែលមានតម្លៃស្មើនឹង ៥០ពាន់លានដុល្លារ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យដឹងថា ពន្ធទាំងឡាយ​ដែលសហរដ្ឋអាមេរិកបានដាក់ចេញពេលនេះ គឺស្ថិត​នៅក្នុងចំណាត់ការទប់ទល់ ចំពោះផែនការ «Made in China ឬ ផលិតនៅប្រទេសចិន» ដែលប្រទេសចិនចង់ធ្វើឲ្យខ្លួនឯង ក្លាយជាអ្នកនាំមុខគេ និងគ្រប់គ្រង​វិស័យឧស្សាហកម្ម-បច្ចេកវិទ្យាកម្រិតខ្ពស់ នៅលើពិភពលោក។

ផែនការរបស់ចិននេះ បានធ្វើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រិះគន់ថា ជាការធ្វើឲ្យប៉ះខ្លាំងដល់សេដ្ឋកិច្ចអាមេរិក និងបណ្តាប្រទេសជាច្រើនទៀតលើលោក៕