(តូក្យូ)៖ ភ្នំភ្លើង សាគូរ៉ាជិម៉ា (Sakurajima) នៅខេត្តខាហ្គោស្ស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន បានផ្ទុះឡើងយ៉ាងកក្រើក កាលពីព្រឹកថ្ងៃសៅរ៍នេះ ខណៈពុំឃើញមានករណីមនុស្សរងរបួស ឬជួបគ្រោះថ្នាក់ដោយសារហេតុការណ៍នេះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

បន្ទុះភ្នំភ្លើងខាងលើបានកើតឡើងនៅវេលាព្រឹកថ្ងៃសៅរ៍នេះ នៅកំពូលមួយនៃភ្នំ Sakurajima ដែលបានជះកម្អែរផេះ ឡើងទៅលើផ្ទៃអាកាសកម្ពស់ ៤,៧០០ម៉ែត្រ។ ឆ្លើយតបចំពោះបាតុភូតធម្មជាតិនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានរក្សាកម្រិតប្រុងយ័ត្នសម្រាប់ភ្នំភ្លើងនេះ​​នៅត្រឹមកម្រិត ០៣ លើ ០៥ ដោយហាមឃាត់មិនឲ្យមានការចូលទៅតំបន់ក្បែរភ្នំភ្លើង Sakurajima ឡើយ ព្រមទាំងព្រមានពីកម្ទេចដុំថ្ម ដែលអាចខ្ទាតចេញ​ឬធ្លាក់ពីលើភ្នំផងដែរ។

គួរជម្រាបថា Sakurajuma គឺជាភ្នំភ្លើងសកម្មមួយ​ដែលមាត់ជះកម្អែលច្រើន និងជាអតីតកោះមួយផងដែរនៅក្នុងខេត្ត Kogashima ហើយ​ពេលដែលវាផ្ទុះចុងក្រោយបំផុតនោះ គឺកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧៕