(វ៉ាស៊ីនតោន)៖ ដូចដែលបានដឹងហើយថា លទ្ធផលនៃ​កិច្ចប្រជុំ G7 កាលពីចុង​សប្តាហ៍​មុននេះ គឺពុំមានភាព​វិជ្ជមានឡើយ ខណៈ​នាពេល​នេះ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេទម្លាយ​ឲ្យដឹងថែម​ទៀតថា មិនត្រឹមតែមាន​ការទាស់ទែងគ្នា​ ជាមួយនាយករដ្ឋមន្រ្តី​​កា​ណាដា ដែលជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​ប៉ុណ្ណោះទេ លោកក៏មាន​បញ្ហាវិវាទនៅ​ក្រៅឆាក​ជាមួយមេដឹកនាំ​មួយចំនួនទៀត​ផងដែរ នៅអំឡុង​កិច្ចប្រជុំ​។ នេះបើតាម​សេចក្តីរាយការណ៍​របស់សារព័ត៌មាន​អាមេរិក ដកស្រង់ខ្លឹមសារ​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ២០១៨។

កិច្ចប្រជុំ​កំពូល Group of Seven ដែលជាការជួបជុំ​ពិភាក្សាគ្នា នៃប្រទេសសេដ្ឋកិច្ច​កំពូលៗទាំង ៧ លើពិភពលោក កាលពីចុង​សប្តាហ៍​មុន បានបញ្ចប់​ទៅដោយ​បរាជ័យ បន្ទាប់ពីលោកប្រធានាធិបតី​អាមេរិក បានប្រកាសទាត់ចោល​សេចក្តីថ្លែងការណ៍រួម​ ស្តីពីលទ្ធផល​ក្រោយកិច្ចប្រជុំ និង​បានបង្ហោះសារ​វាយប្រហារទៅ​លើនាយករដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ថែមទៀតផង។

បើតាមការរាយការណ៍​របស់កាសែត​អាមេរិក Wall Street Journal ដោយផ្អែក​លើប្រភព​ព័ត៌មានពី​មន្រ្តីអឺរ៉ុប ដែលមានវត្តមាន​ក្នុងកិច្ចប្រជុំ​​នៅក្រោយឆាក​នៃព្រឹត្តិការណ៍នេះ សមាភាគី​របស់លោក ត្រាំ មានការភ័យព្រួយ និងស្រងាកចិត្តជាខ្លាំង ចំពោះពាក្យ​សម្តីរបស់លោក ត្រាំ ជុំវិញប្រធានបទ​មានតាំងពី​បញ្ហា​ពាណិជ្ជកម្ម រហូតដល់អំពើ​ភេរវកម្ម និងអន្តោប្រវេសន៍។

​យោងតាម​ប្រភពឲ្យដឹង​ដដែល នៅចំណុចមួយ​នោះ លោក ដូណាល់ ត្រាំ បានលើកឡើងថា បញ្ហាអន្តោប្រវេសន៍​គឺជាបញ្ហាដ៏ធំ​សម្រាប់​​អឺរ៉ុប ហើយ​ក៏បន្ត​និយាយ​ទៅកាន់​នាយករដ្ឋមន្រ្តី​ជប៉ុនលោក អាបេ ថា «ស៊ីនហ្សូ, លោកអត់​មានបញ្ហា​នេះទេ ប៉ុន្តែខ្ញុំអាច​បញ្ជូនជន​អន្តោប្រវេសន៍​ម៉ិចស៊ីកូ ២៥លាននាក់ ទៅឲ្យលោកបាន ហើយលោក​ច្បាស់ជា​ នឹងត្រូវចុះ​ចេញពីតំណែង​ឆាប់ៗ​មិនខាន»

លើសពី​នេះទៀត នៅពេលប្រធានបទ​ងាកទៅរកអ៊ីរ៉ង់ និងអំពើភេរវកម្ម លោក ត្រាំ បានបែរទៅថា ឲ្យ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដោយ​និយាយថា «លោកច្បាស់ជា​ដឹងអំពីរឿងនេះ​ហើយ Emmanuel ព្រោះថា ភេរវករទាំងអស់​សុទ្ធតែនៅក្នុងទីក្រុង​ប៉ារីស»។ មិន​ទាន់​អស់ឡើយ ប្រធានគណៈកម្មការ​អឺរ៉ុបលោក Jean-Claude Juncker ក៏បានត្រូវកាណុង​សម្តីរបស់​លោក ត្រាំ ផងដែរ​ ជុំវិញការពិន័យ​​​​របស់​​​ស្ថាប័ន​នេះ​ទៅលើ​​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ​របស់​អាមេរិក គិតជាទឹកប្រាក់​សរុបរហូតដល់​រាប់ពាន់​លានដុល្លារ។

គួរជម្រាបថា ភាពខ្វែងគំនិតគ្នា​ខ្លាំងជុំវិញបញ្ហា​ពាណិជ្ជកម្ម​ បានគ្របដណ្តប់​បរិយាកាស​នៃកិច្ចប្រជុំ G7 ទាំងមូល ដោយមេដឹកនាំ​នៃប្រទេស​សេដ្ឋកិច្ចកំពូល​លើលោក​ឯទៀតៗ បានរួមគ្នាតវ៉ា​នឹងការគំរាមកំហែង​ ដំឡើងពន្ធកម្រិត​ធ្ងន់លើ​ផលិតផល​ដែកថែប និងអាលុយមីញ៉ូម ដែល​នាំចូល​របស់​លោក ត្រាំ។

ដោយឡែក លោក ត្រាំ បានទាត់ចោល​សេចក្តីរាយការណ៍​អំពីបញ្ហាវិវាទនេះថា ជាការបំភ្លៃ​ព័ត៌មាន ដោយប្រើប្រាស់រូបភាព​បោកប្រាស់ ហើយទន្ទឹម​នឹងនោះលោកក៏បានបញ្ចេញ​រូបភាពមួយចំនួន​ទៀត ដែលបង្ហាញពី​រូបលោកមើលទៅហាក់​ដូចជាត្រូវរ៉ូវគ្នា​ ជាមួយ​មេដឹកនាំ​ G7 ដទៃ​ទៀត៕