(កាណាដា)៖ អវកាសយានិក​ចូលនិវត្តន៍ម្នាក់​បានទស្សន៍​ទាយថា គ្រាប់រ៉ុក្កែត​នានា ដែលអភិវឌ្ឍន៍​ដោយ​​ក្រុមហ៊ុន SpaceX, Blue Origin និង​សូម្បី​តែអង្គការ NASA គឺគ្មានថ្ងៃអាច​ទទួលជោគជ័យ ​ក្នុងការនាំយកមនុស្សទៅកាន់​ភពអង្គារ (Mars) បាន​ឡើយ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ចេញពី វែបសាយ Fortune នៅរសៀល​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ការព្យាករណ៍​ខាងលើរបស់​លោក Chris Hadfield ដែលបានចូល​និវត្តន៍​ពី​ទីភ្នាក់ងារអវកាស​កាណាដា កាលពីឆ្នាំ២០១៣ គឺពុំមែន​ដោយសារ​តែបច្ចេកវិទ្យា​មិនអាចទៅរួច​នោះទេ ប៉ុន្តែពីព្រោះ​តែហានិភ័យ​ នៃបញ្ហាសុវត្ថិភាពវា​ខ្ពស់ខ្លាំងពេក។ លោក Hadfield យល់ថា លទ្ធភាព​នៃ​​ការ​ចេញ​បេសក​កម្ម​​បញ្ជូនមនុស្សទៅភពអង្គារ គឺពុំអាច​ទៅរួច​ឡើយ។

លោក Hadfield បាននិយាយ​ដូច្នេះថា «បើតាម​ទស្សនៈខ្ញុំ គឺយើងគ្មានថ្ងៃ​អាចទៅដល់ភព​អង្គារឡើយ តាមរយៈការប្រើប្រាស់​ម៉ាស៊ីនដែល​មាននៅលើ​គ្រាប់រ៉ុក្កែត​ ​របស់​ស្ថាប័នអវកាស​ទាំងបីនោះ (SpaceX, Blue Origin, NASA) លើកលែងតែ​យើង​​ពិតជា​ចាំបាច់ ត្រូវតែទៅ​ដោយ​ជៀសមិនបាន។ ខ្ញុំគិតថា​វាពុំមានមធ្យោបាយ​ជាក់ស្តែងណាមួយ ដើម្បីបញ្ជូន​មនុស្សទៅភព​អង្គារឡើយ ដោយសារ​តែវាមានហានិយភ័យ​​នៃគ្រោះថ្នាក់ខ្ពស់ និងចំណាយ​ពេល​យូរខ្លាំង»

គួរជម្រាបថា ជំនួសឲ្យការ​ឲ្យមនុស្សទៅប្រថុយ​ជីវិតនោះ លោក Hadfield មានគំនិត​មួយទៀត គឺការបន្តបញ្ជូន​គ្រឿងយន្ត ដើម្បី​ទៅសិក្សាស្វែងយល់ឲ្យកាន់​តែច្រើនតែថែមទៀត​ពីភពអង្គការ ជាជាងការ​ប្រញាប់បញ្ជូនមនុស្ស​ទៅកាន់​ទីនោះផ្ទាល់៕