(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សារព័ត៌មាន Gulf News បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត​មានគំរោង​ជីកព្រែកមួយ ​នៅតាមបណ្ដោយ​ព្រំដែនជាប់​ប្រទេស​កាតា ដើម្បីកាត់ផ្ដាច់​អ្នកក្បែរខាង​របស់ខ្លួនមួយ​នេះ ពីដីគោកឱ្យកា្លយ​ទៅជាកោះ​តែលតោល​មួយ ខណៈទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ នៅតែពុំទាន់​អាចផ្សះផ្សា​បាន៕

២៖ បន្ទាប់ពីមាន​ការរិះគន់យ៉ាងខ្លាំង​ពីសាធារណៈមតិទាំងជាតិ និងអន្តរជាតិ នៅទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្តចុះហត្ថលេខា​លើបទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បីបញ្ចប់​គោលនយោបាយបំបែកបំបាក់​កុមារ ចេញពីឪពុកម្ដាយរបស់ ពួកគេ​​ដែលត្រួវ បានអាជ្ញាធរអាមេរិក​ចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់​ចូលសហរដ្ឋអាមេរិក​ពីម៉ិចស៊ីកូ៕

៣៖ អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានអះអាងថា លោកមិនគួរ​ត្រូវបានគេបន្ទោសក្នុងរឿងអាស្រូវ ពុករលួយ​មូលនិធិរដ្ឋ 1MDB នោះឡើយ ដោយសារ​តែលោកមិនបានដឹង​ទាល់តែសោះថា ហេតុអ្វីបាន​ជាមូលនិធិរដ្ឋរាប់​លានដុល្លារ រត់ចូលក្នុង​គណនីធនាគារ​ផ្ទាល់ខ្លួនរបស់​លោក៕

៤៖ ​អ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញទីតាំងផ្ទាំង​ហ្វូស៊ីល (Fossil) មួយកន្លែង ដែលមានផ្ទុក​នូវដានជើងសត្វ​ដាយណូស័រ​ជាច្រើន​ពូជ​ខុសៗគ្នា នៅឯខេត្ត​សានទុង (Shandong) ភាគខាងកើត​ប្រទេសចិន ខណៈដែលហ្វូស៊ីល​នៃដងខ្លួនសត្វយក្ស​ទាំងនោះ ពុំត្រូវបានគេ​រកឃើញ​នោះ​ទេ៕

៥៖ កងទ័ពស៊ីរី​បានអះអាង​ថា ខ្លួនបានវាយដណ្ដើម​យកតំបន់វាល​រហោស្ថានជាង ៤,៥០០​គីឡូម៉ែត្រក្រឡា​ពីក្រុមសកម្ម​ប្រយុទ្ធ ISIS នៅតាមផ្នែក​ជាច្រើននៃ​ប្រទេស ក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុង​ក្រោយនេះ៕

៦៖ កន្លែងធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីល ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម ជុងអ៊ុន បានប្តេជ្ញាកម្ទេចចោលនោះ គឺជាទីតាំងដ៏​ធំមហិមាមួយ ស្ថិតនៅភាគខាងលិច​ប្រទេសកូរ៉េខាងជើង ដែលកន្លង​មករដ្ឋ​កុម្មុយនិស្តនេះ តែប្រើប្រាស់​ដើម្បីធ្វើតេស្តម៉ាស៊ីនបាញ់​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ៕