(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មាន់គកបារាំង នឹងលេងជាមួយការប៉ុនប៉ងសងសឹកពេលជួបប៉េរូ នៅ World Cup 2018 នាម៉ោង ១០យប់នេះ ក្នុងវគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល C បន្ទាប់ពីពួកគេធ្លាប់ចាញ់ប៉េរូ ១-០ ម្តងកាលពីឆ្នាំ១៩៨២ ក្នុងជំនួបមិត្តភាពអន្តរជាតិ។

បារាំងជាក្រុមដែលកំពុងឈរនៅលេខរៀងទី២ ប្រចាំពូល C បណ្តោះអាសន្នដោយមាន ៣ពិន្ទុ បន្ទាប់ពីយកឈ្នះអូស្រ្តាលីកាលពីជើងទី១ សប្តាហ៍មុន កំពុងស្ថិតនៅពីក្រោយក្រុមដាយណឺម៉ាក ដែលមាន ៤ពិន្ទុ បន្ទាប់ពីយកឈ្នះប៉េរូ ១-០ ក្នុងជើងទី១ សប្តាហ៍មុន និងរកបាន ១ពិន្ទុ បន្ទាប់ពីប្រកួតបានត្រឹមស្មើជាមួយអូស្ត្រាលីក្នុងជើងទី២ ដែលទើបបញ្ចប់នៅម៉ោង៩មុននេះ។

ក្រុមបារាំង ដែលជាអតីតក្រុមជើងឯក World Cup តែម្តងគត់ក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ១៩៩៨ មានទ័ពប្រយុទ្ធសុទ្ធតែជ្រើសរើសចេញពីក្លឹបធំៗ ល្បីមានដូចជា Antoine Griezmann មកពី Atletico Madrid, Ousmane Dembele មកពី Barcelona, Olivier Giroud មកពីក្លឹបតោខៀវ Chelsea, Kylian Mbappe មកពី PSG និង Paul Pogba មកពី Manchester United ខណៈប៉េរូ ជាក្រុមឡើងមកលេង World Cup ឆ្នាំនេះ ក្នុងនាមជាក្រុមជម្រុះជុំចុងក្រោយគេ ដោយបានយកឈ្នះណូវេហ្សឡង់ ២-០ ទាំងពីរជើងក្នុងវគ្គជម្រុះអន្តរទ្វីប៕