(ម៉ាស្សាជូសេតស៍)៖ អាជ្ញាធរ​អាមេរិក កំពុងបើកការស៊ើបអង្កេត​លើករណីបាញ់​ប្រហារមួយ ដែលបណ្ដាល​បុរស​ម្នាក់​ស្លាប់ (ជនជាតិខ្មែររស់នៅអាមេរិក) ​នៅក្នុងទីក្រុង​ឡូយវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាជូសេតស៍ (Massachusetts) កាល​ពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន NBC News ដែលត្រូវបានដកស្រង់​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

ជុំវិញករណីបាញ់ប្រហារនេះដែរ ប៉ូលិសក្នុងទីក្រុង Lowell បានឱ្យដឹងថាបុរសបីនាក់ត្រូវគេបានបាញ់ប្រហារ នៅផ្លូវ Smith and Westford ដោយបុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែង ហើយពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់។ ប៉ុន្តែ ពុំទាន់មានជនសង្ស័យណាម្នាក់ត្រូវចាប់ខ្លួន រីឯមូលហេតុនៃករណីបាញ់ប្រហារនេះក៏មិនទាន់មានការបញ្ជាក់នៅឡើយដែរ។

គួរបញ្ជាក់ថា អាជ្ញាធរមិនបានបញ្ចេញពីអត្តសញ្ញាណ​អ្នកស្លាប់ឡើយ តែ​សមាជិក​គ្រួសារ​ជនរងគ្រោះបានប្រាប់ NBC ថា បុរសម្នាក់​ដែលស្លាប់នោះមានឈ្មោះ Saron Yut ជនជាតិខ្មែរ មានអាយុ ៣៣ឆ្នាំ និងជាឪពុកក្មេង​ពីរនាក់ ដែលបម្រើការងារនៅ Market Basket និងរស់​នៅជាមួយមនុស្សម្នាក់​ក្នុងចំណោម​អ្នករងបួស៕