(តេហេរ៉ង់)៖ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក អ៊ីស្មែល កូវសារី (Ismail Kowsari) បានព្រមានថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឱ្យនាវាដឹកប្រេង ណាមួយឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងឈូងសមុទ្រពែកជាដាច់ខាត បើសិនជាសហរដ្ឋអាមេរិកហ៊ានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
លោក Kowsari បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកបានដកខ្លួន ចេញពីកិចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ តែមិនទាន់ស្កប់ស្កល់ទៀត ហើយឥឡូវនេះបែរជាមកគំរាមដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់បន្ថែម តាមរយៈការរារាំងការលក់ប្រេងរបស់អ៊ីរ៉ង់នៅលើទៅផ្សារពិភពលោក។ មេបញ្ជាការរូបនេះបានបន្ថែមដូច្នេះថា «បើសិនជាពួកគេ (សហរដ្ឋអាមេរិក) ចង់បិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ យើងបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងណាមួយឆ្លងកាត់បានជាដាច់ខាត»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធអ្នកតំណាងអ៊ីរ៉ង់ប្រចាំអង្គការប្រទេសអ្នកចេញប្រេង ឬ OPEC លោក ហ៊ូស្សេន កាហ្សិមភឺរ អាដេប៊ីលី (Hussein Kazempur Ardebili) ក៏បានព្រមានដែរថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ នឹងជះឥទ្ធិពលអវិជ្ជមាន ដល់ប្រជាជនអាមេរិក រហូតដល់បង្ខំឱ្យពួកគេតបស្នងនូវតម្លៃមួយយ៉ាងសាកសម ចំពោះគោលនយោបាយរបស់ លោក ដូណាល់ ត្រាំ៕