(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មាន់គកបារាំង ធ្លាប់បានយកឈ្នះអ៊ុយរ៉ាហ្គាយ តែម្តងគត់ក្នុងលទ្ធផល ២-០ កាលពីឆ្នាំ១៩៨៥ ក្នុងចំណោមប្រវត្តិជួបគ្នា ៧ដងមកនេះ មុនប៉ះគ្នាជាលើកទី៨ នាម៉ោង ៩យប់ថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៃវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ជួបគ្នាចុងក្រោយ អតីតម្ចាស់ជើងឯក World Cup 1998 បារាំង បានចាញ់ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងជើងត្បូង អ៊ុយរ៉ាហ្គាយ ១-០ ក្នុងមិត្តភាពអន្តរជាតិកាលឆ្នាំ២០១៣ និងធ្លាប់ជួបគ្នា៣ដងនៅ World Cup ស្មើ ០-០ ចំនួន២ដង និងចាញ់ ២-១ ម្តង និងធ្លាប់យកឈ្នះតែម្តងគត់ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ជើងឯកអន្តរទ្វីប International Continental Championship 1985 និងស្មើ២ដង ០-០ ផ្សេងទៀតក្នុងមិត្តភាពអន្តរជាតិ។
បារាំង បានរក្សាកំណត់ត្រាលេងមិនចាញ់ក្នុងចំណោម ៤ប្រកួតនៅ World Cup 2018 ដោយឈ្នះ៣ដង និងស្មើ១ដង ជាពិសេសបានទម្លាក់អតីតក្រុមជើងឯករង World Cup 2014 អាហ្សង់ទីន ៤-៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ស្របពេលអតីតម្ចាស់ជើងឯក World Cup ២សម័យកាល អ៊ុយរ៉ាហ្គាយ បានទម្លាក់អតីតម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប Euro 2016 ព័រទុយហ្គាល់ ២-១ ក្នុងវគ្គ ១/៨ដូចគ្នា។
ក្រុមរបស់ Edinson Cavani និង Luis Suarez អ៊ុយរ៉ាហ្គាយ ទើបតែរបូត ១គ្រាប់ប៉ុណ្ណោះ ក្រៅពីស៊ុតបញ្ចូលទីគេបាន ៧គ្រាប់ ក្នុងចំណោម៤ប្រកួតឈ្នះទាំងអស់នៅ World Cup លើកទី២១នេះ ហើយក៏ជាក្រុមដែលបញ្ចប់ទៅដោយចំ ណាត់ថ្នាក់លេខ១ ចេញពីពូល A ផងដែរ៕