(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងស្ដីពីការចាប់ផ្ដើមឡើងវិញ ការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិករាប់ពាន់នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោក ប៉ុមប៉េអូ បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើង នៅអំឡុងកិច្ចប្រជុំថ្នាក់ឧត្ដមសេនីយ៍ រវាងប្រទេសទាំងពីរ ដែលបានយល់ព្រមថា នឹងចាប់ផ្ដើមពិភាក្សាគ្នាជុំវិញការ រៀបចំការធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុកងទ័ពអាមេរិក។ លើសពីនេះទៅទៀត កាលពីខែមិថុនា សហរដ្ឋអាមេរិកបានបញ្ជូនមឈូសទៅកាន់ភូមិ Panmunjom ហើយដើម្បីត្រៀមទទួលអដ្ឋិធាតុកងទ័ពរបស់ខ្លួន។
គួរបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុកងទ័ពអាមេរិកលើកចុងក្រោយដោយកូរ៉េខាងជើង ធ្វើឡើងកាលពីឆ្នាំ២០០៧ ហើយអដ្ឋិធាតុកងទ័ពអាមេរិកច្រើនជាង ៤៤០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ២០០៧។ ប៉ុន្តែប្រតិបត្តិការនេះត្រូវបានផ្អាក ដោយសារភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង៕