(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើទិដ្ឋការឆ្លងដែន របស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ ដកស្រង់ពីសារព័ត៌មានឡាវ Vientiane Times នារសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ជុំវិញការដាក់ទណ្ឌកម្មនេះ សហរដ្ឋអាមេរិកបានអះអាងថា ប្រទេសឡាវមិនបានធ្វើកិច្ចសហការគ្រប់គ្រាន់ ដើម្បីទទួលយកជនជាតិឡាវកំពុងរស់នៅអាមេរិក ដែលអាជ្ញាធរកំពុងត្រៀមធ្វើការនិរទេសចេញនោះឡើយ។ ទណ្ឌកម្មផ្នែកទិដ្ឋាការទៅលើមន្ត្រីឡាវមួយចំនួននេះ គឺគិតចាប់ថ្នាក់ពីអគ្គនាយកឡើងទៅ ដែលសុទ្ធសឹងជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជាសមាជិកក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបុគ្គលិកស្ថិតនៅក្រោមឱវាទមួយចំនួនថែមទៀត។
សេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ឡាវ ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ ដើម្បីសម្តែងការតវ៉ា និងខកចិត្តទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយប្រទេសឡាវបានអះអាងទៀតថា «មិនអាចទទួលយកបាន»។ នៅក្នុងលិខិតតវ៉ានោះបានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពគ្មានមូលដ្ឋាន និងអយុត្តិធម៌ប្រព្រឹត្តដោយអាមេរិកពេលនេះ គឺជារឿងដែលឡាវមិនអាចទទួលយកបាន ហើយវានឹងជះឥទ្ធិពលអាក្រក់ទៅដល់ទំនាក់ទំនង ដែលកំពុងតែរីកលូតលាស់ល្អទៅហើយរវាងឡាវ-អាមេរិក...»។
គួរបញ្ជាក់ថា ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានចេញសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រោយពីខ្លួនបានចោទប្រកាន់ថា រដ្ឋាភិបាលឡាវមិនបានបង្ហាញការសហការដែលអាចទទួលយកបាននោះឡើយ ជុំវិញការទទួលយកជនជាតិឡាវមួយចំនួន ដែលអាជ្ញាធរអាមេរិករកឃើញថា បានមកស្នាក់នៅទឹកដីមហាអំណាចនេះដោយខុសច្បាប់ ខណៈដែលប្រតិបត្តិការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់មកពីគ្រប់ទិសទី កំពុងប្រព្រឹត្តទៅយ៉ាងក្តៅគគុកដោយរដ្ឋបាលលោក ដូណាល់ ត្រាំ៕