(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីបានទប់ស្កាត់ទាន់ពេលវេលា ចំពោះការវាយប្រហារព័ត៌មានវិទ្យាជិត ២៥លានដង និងសកម្មភាពឧក្រិដ្ឋដទៃទៀត ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធព័ត៌មាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
វិមានក្រឹមឡាំងធ្វើការកត់សម្គាល់បែបនេះ ដោយសំអាងលើសម្រង់សម្ដីរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ច ប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអាទិត្យម្សិលមិញ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក World Cup បានបិទបញ្ចប់ដោយបារាំងក្លាយជាជើងឯក ក្រោយយកឈ្នះលើក្រុមជម្រើសជាតិក្រូអាត ក្នុងលទ្ធផល ៤ ទល់នឹង ២៕