(កង់បេរ៉ា)៖ រដ្ឋបាលនៃរដ្ឋអូស្រ្តាលីខាងត្បូង បាននិងកំពុងជម្រុញឲ្យខ្លួនអាចការទទួលយកជនអន្តោប្រវេសន៍ច្រើនជាងមុន ក្រោមគោលដៅលើកកម្ពស់កំណើនប្រជាជននៅក្នុងរដ្ឋ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
លោក ស្ទេវិន ម៉ាហ្សល (Steven Marshall) ដែលជាមេដឹកនាំនៃរដ្ឋ South Australia បានបង្ហើបឲ្យដឹងថា រូបលោកបានបញ្ចុះបញ្ចូលរដ្ឋាភិបាលសហព័ន្ធ ដើម្បីទទួលបានឋានៈជារដ្ឋអន្តោប្រវេសន៍ ដើម្បីទប់ទល់នឹងអត្រាកំណើនប្រជាជនជន ដែលបានជាប់គាំងរបស់រដ្ឋ។ ការប្រកាសឲ្យដឹងរបស់លោក Marshall ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋវីកតូរៀ (Victoria) បានអះអាងថា កំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់ទីក្រុងមែលប៊ន (Melbourne) បាននិងកំពុងធ្វើឲ្យទីក្រុងណែនតាន់តាប់ជាខ្លាំង។
លោក Marshall ដែលបានជាប់ឆ្នោតជាមេដឹកនាំរបស់រដ្ឋអូស្រ្តាលីខាងត្បូង កាលពីខែមីនាកន្លងទៅ ក៏បានប្រើប្រាស់ជំនួបលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ម៉ាខូម ធើនប៊ូល (Malcolm Turnbull) ដើម្បីលើកឡើងពីបញ្ហានេះផងដែរ។ បើតាមលោក Marshall សព្វថ្ងៃអូស្រ្តាលី កំពុងដើរលើជំហានសេដ្ឋកិច្ចប្រកបដោយល្បឿនលឿន បើនិយាយអំពីចំនួនប្រជាជន ដោយកន្លែងខ្លះកំពុងជួបប្រទះបញ្ហា ដោយសារកំណើនប្រជាជនច្រើនសន្ធឹកសន្ធាប់ និងតំបន់ខ្លះទៀតនៅក្នុងតំបន់ កំណើនប្រជាជនមានអត្រាទាបខ្លាំង។
គួរជម្រាបថា ចំនួនប្រជាជននៃប្រទេសអូស្រ្តាលីត្រូវគេរំពឹងថា នឹងកើនដល់ ២៥លាននាក់ នៅខែសីហាខាងមុខ ពោលគឺលឿនជាងការព្យាករណ៍កាលពីពេលកន្លងទៅ។ ដោយឡែករដ្ឋ South Australia ចាប់តាំងពីឆ្នាំ២០១២មក តែងតែមានកំណើនប្រជាជនទាប និងយឺតយ៉ាវជាងរដ្ឋដីគោកដទៃៗទៀតរបស់អូស្រ្តាលី៕