(ស៊ូវ៉ា)៖ ផ្លូវធ្វើដំណើរ​ទំាងអស់ឆ្ពោះទៅ​កាន់ភាគខាងលិច​កោះ អាំប៊ែរ (Ambae) នៃប្រទេស​ដែនកោះ វ៉ានួទូ (Vanuatu) ជាទីដែល​ភ្នំភ្លើង មែណូរ៉ូ (Manoro) បានផ្ទុះ​តាំងតែពី​ឆ្នាំមុន បានទទួលរង​ការខូតខាតយ៉ាងដំណំ និងត្រូវកាត់ផ្ដាច់​ដោយសារតែ​ល្បាប់ភក់​ដ៏ធំសម្បើម។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយ​​នៅក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មាន Vanuatu's Daily Post បានឱ្យដឹងថា បច្ចុប្បន្នគេអាចធ្វើ​ដំណើរទៅ​កាន់កោះ Ambae តាមផ្លូវសមុទ្រ និងផ្លូវ​អាកាសតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវគោក​ទាំងអស់ត្រូវកាត់ផ្ដាច់​ដោយសារ​តែល្បាប់ភក់ បង្កឡើង​ដោយភ្នំភ្លើង Manoro។

ភ្នំភ្លើងមួយ​នេះគឺជាភ្នំភ្លើងដ៏ធំ និងសកម្មបំផុត​របស់ប្រទេស​ដែនកោះ Vanuatu ដែលស្ថិតនៅដែនសមុត្រប៉ាស៊ីហ្វិកភាគនិរតី ក្បែរៗនឹងដែន​កោះសូឡូម៉ុន ដោយវា​បានផ្ទុះ​កាល​ពីឆ្នាំមុន ជាមួយនឹងការ​បញ្ចេញផេះ និងបង្កើតជា​ភ្លៀងអាស៊ីត រហូតដល់បង្ខំ​ឱ្យប្រជាជនជាច្រើន​ រត់ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង។

គួរបញ្ជាក់ថា សកម្មភាពផ្ទុះ​របស់ភ្នំភ្លើង Manoro បានកើតឡើង​ជាបីដំណាក់កាល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ២០១៧មក។ ម្យ៉ាងវិញ​ទៀត​នៅដំណាក់​កាល​ទី ៣ រាប់ចាប់​ពី​ខែកុម្ភៈ ដល់​ខែមីនា ឆ្នាំ២០១៨ ភ្នំភ្លើងនេះ​បានផ្ទុះជាថ្មី​ដោយ​បញ្ចេញផេះ និងបង្ក​ឱ្យមាន​ល្បាប់ភក់នៅ​ទូទាំងកោះ Ambae ព្រមទាំង​បង្កការខូចខាតធ្ងន់ធ្ងរ​ ដល់សុខភាព​របស់ប្រជាជន​នៅលើកោះនេះ​ផងដែរ ខណៈ​មនុស្ស ១១,០០០​នាក់ អាចស្ម័គ្រចិត្ត​ទៅរស់នៅបណ្ដោះ​អាសន្ន​នៅឯកោះមែវូ (Maewo) ដែលនៅក្បែរខាង៕