(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បំពេញដំណើរ ទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានឱ្យដឹងថាការពិភាក្សាលើការរៀបចំដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ទីក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្ដើមដំណើរការហើយ។ លោកស្រី Sanders បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «បួនថ្ងៃក្រោយបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក តាមរយៈអង្គុយទល់មុខ លោក ពូទីននៅក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោកប្រធានាធិបតីត្រាំ បានស្នើឱ្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចេញលិខិតអញ្ជើញមេដឹកនាំរុស្ស៊ីមកទស្សនកិច្ចនៅវ៉ាស៊ីនតោន»

ប៉ុន្តែ មកទល់នឹងពេលនេះ ខាងភាគីរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយជុំវិញនឹងការរៀបចំជំនួបជាលើកទី២ រវាងលោកត្រាំ និងលោក ពូទីន នៅឡើយទេ ខណៈគ្រាន់តែជំនួបកាលពី៤ថ្ងៃមុន ក្នុងទីក្រុងហែលស៊ីនគី លោក ដូណាល់ ត្រាំ ត្រូវបានសាធារណៈមតិអាមេរិក រិះគន់យ៉ាងដៃ ទាក់ទិននឹងការបរាជ័យក្នុងការដាក់សម្ពាធ និងថ្កោលទោសលោកពូទីន ក្នុងសំណុំរឿង ចោទប្រកាន់ថារុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦៕