(ដាប្លីន)៖ ក្រុមហ៊ុនអាកាសចរណ៍ រីយ៉ានអ៊ែរ (Ryanair) បានប្រកាស​នៅថ្ងៃសុក្រ សប្ដាហ៍នេះថា ខ្លួនបានសម្រេចចិត្ត​លុបចោលជើងហោះចំនួន ១៦ ឆ្ពោះទៅមករវាងប្រទេស​អៀរឡង់ និងអង់គ្លេស ដោយសារ​តែគំរោងធ្វើកូដកម្ម​តវ៉ា ពីសំណាក់​ក្រុមពីឡុត​នៅសប្ដាហ៍​ក្រោយ ។ នេះបើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

ជើងហោះដែលត្រូវ​បានលុបចោល មានកាលវិភាគហោះហើរ​នៅថ្ងៃអង្គារ ទី២៤ ខែកក្កដានេះ ហើយការសម្រេច​ចិត្តលុបចោល នេះទៀតសោត​ធ្វើឡើង ដោយសារតែ​សហជីពតំណាង​ឱ្យពីឡុត បាន​បដិសេធលុបចោល​គំរោង​ធ្វើកូដកម្ម ដែលគ្រោងទុកក្នុង​ថ្ងៃតែមួយនេះ។

គួរជម្រាបថា បើតាម​ក្រុមហ៊ុន Ryanair ការលុបចោល​ជើងហោះហើរ​នឹងធ្វើឱ្យប៉ះពាល់​ដល់អតិថិជន ២,៥០០នាក់ ខណៈ​បច្ចុប្បន្នជើងហោះហើរ​សរុប​ចំនួប ៧០ ហើយ​ត្រូវ​បាន​លុបចោលចាប់​តាំងពីថ្ងៃទី១២ ខែកក្កដាមក ដោយសារ​តែគំរោង និងធ្វើ​កូដកម្មរបស់ក្រុម​ពីឡុត ដែលបានទាមទារ​ឱ្យក្រុមហ៊ុន​ កែលម្អលក្ខខណ្ឌ​ការងាររបស់​ពួកគេ៕