(ពិភពលោក)៖ កិច្ចប្រជុំជាផ្លូវការលើក​ដំបូងរវាងលោក ដូណាល់ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តនៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ មានអ្នកសារព័ត៌មាន​ចូលរួមចំនួន ១,៥០០នាក់ មកពីជាង ៦០ប្រទេស។ កិច្ចជំនួបនេះ​ក្នុងរូបភាព​មួយទល់មួយ ដែលគ្រោងនឹងរៀបចំ​ឡើងរយៈពេល ៩០នាទី តែត្រូវបាន​ពន្យាររហូត​ដល់ជាង​ពីរម៉ោង។

នៅក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នា បន្ទាប់ពីកិច្ចប្រជុំនោះ​​មេដឹកនាំទាំងពីរ​បានលើកឡើង​ពីសារៈសំខាន់​ នៃកិច្ចប្រជុំ​កំពូលនេះ។ ទោះជា​យ៉ាងនេះ កិច្ចជំនួប​លើកនេះ បែរជាត្រូវបាន​គេមើល​ឃើញថា គឺជាការចាប់​ផ្តើមនូវភាពស្មុគស្មាញ​កាន់តែខ្លាំង ក្នុងការស្តារ​ទំនាក់ទំនង​រវាងអាមេរិក និងរុស្ស៊ី​ឡើងវិញ ជាជាងការស្តារ​ទំនាក់ទំនង​ទ្វេភាគី ហេតុផល​ដោយសារភាពខ្វែងគំនិត​គ្នារវាងប្រទេសជា​បងធំទាំងពីរ​ លើបញ្ហា​ស្នូលមួយ​ចំនួន។

មុនពេលចាប់ផ្ដើមកិច្ច​ប្រជុំកំពូលនេះ បណ្តាប្រទេសលោក​ខាងលិច​ជាសម្ព័ន្ធមិត្តអាមេរិក មានក្តីបារម្ភខ្លាចថា លោក ត្រាំ អាចឈានដល់​ការសម្រេចបាន​នូវកិច្ចព្រមព្រៀង​បែបឯកជន​ជាមួយលោក ពូទីន ដោយការបិទភ្នែក​ក្នុងរឿងរុស្ស៊ី​ជ្រៀតជ្រែកអ៊ុយក្រែន ជាថ្នូរនឹងការ​សម្បទានរបស់រុស្ស៊ី​ដល់អាមេរិក ​ពាក់ព័ន្ធបញ្ហា​តំបន់​មជ្ឈិមបូព៌ា។

ខណៈដែលមេដឹកនាំ​ទាំងពីរព្យាយាម​ចែករំលែក ​ផលប្រយោជន៍រួមគ្នាស្របពេល​ដែលពួកគេបន្តភាពរឹងមានះ​ក្នុងការរក្សាការខ្វែង​គំនិតគ្នា ក្នុងអំឡុងពេល​សន្ទនាស្តីពីស៊ីរី និងអ៊ុយក្រែន​នោះ លោក ត្រាំ ហាក់ព្យាយាម​ខណ្ឌចែកព្រំដែន​ជាមួយលោក ពូទីន ដើម្បីគេច​ចេញពីការចោទ​ប្រកាន់ថា លោកបាន «គុបគិតជាមួយរុស្ស៊ី»

សូមរំឮកបន្តិច​ដល់កាលពី​ថ្ងៃទី១៣ ខែកក្កដា​កន្លងទៅនេះ ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក បានប្រកាសពី​ការកាត់ទោស​មន្ត្រីរុស្ស៊ី ពាក់ព័ន្ធនឹងការលូកដៃ​ក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦​កន្លងទៅនេះ ក្នុងបំណង​ដាក់សម្ពាធលើសន្ទនារវាង​មេដឹកនាំ​ទាំងពីរ និងបង្ខំឱ្យ​លោក ត្រាំ ដាក់សម្ពាធ​កាន់តែខ្លាំងលើ​ប្រទេស​រុស្ស៊ី។

លោក ត្រាំ ធ្លាប់ត្រូវបានគេ​ទទួលស្គាល់ថា ជាបុគ្គលដែល​ងាយក្រឡាស់​សំដីភ្លាមៗ ហើយកិច្ចជំនួប​ជាមួយលោក ពូទីន លើកនេះកាន់តែធ្វើអោយ​លោកក្លាយជាបុគ្គល​ ដែលពិបាកផ្ញើ​ទំនុកចិត្តខ្លំាង​បំផុត បន្ទាប់ពីការ​ផ្លាស់ប្តូរឥរិយាបថ​ភ្លាមៗ​ ពាក់ព័ន្ធនឹង​ការចោទប្រកាន់​ទៅលើប្រទេស​រុស្ស៊ី លូកដៃក្នុង​ការបោះឆ្នោត​នៅអាមេរិក។
ជាក់ស្តែង​ក្នុងឱកាស​ដំបូងឡើយ លោក ត្រាំ បានចេញមុខ​គាំទ្រ​រុស្ស៊ី ដោយលោក​បញ្ជាក់ច្បាស់ៗ​ថា «ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន និយាយថា មិនមែនរុស្ស៊ីនោះ​ទេ ហើយខ្ញុំក៏មើលមិន​ឃើញថា មានភស្ដុតាង ឬហេតុផល​ណា​មួយថា រុស្ស៊ីជាធ្វើវា​នោះដែរ»

ប៉ុន្តែបន្ទាប់ពី​ធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន​វិញភ្លាម លោក ត្រាំ បានក្រឡាស់​សម្ដី ហើយថា​លោកមានការភ័ន្ត​ច្រឡំ ពោលគឺចង់មានន័យថា លោកមើលមិនឃើញហេតុផល ថាតើហេតុអ្វីបានជារុស្ស៊ី មិនមែន​ជាអ្នកលូកដៃ​ចូលកិច្ចការបោះឆ្នោត​អាមេរិកនោះទេ។ លោក ត្រាំ បញ្ជាក់យ៉ាង​ខ្លីដូច្នេះថា «ខ្ញុំទទួល​ស្គាល់ការ​សន្និដ្ឋានរបស់​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក​ដែលថា រុស្ស៊ីជា អ្នកលូកលាន់​ចូលក្នុងកិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦»

រហូតមកទល់ពេល​នេះមិនទាន់មានភស្តុតាង​ណាបង្ហាញថា លោក Trump បានឈ្នះការបោះឆ្នោត​ដោយការធ្វើសហប្រតិបត្ដិការ​ជាមួយរុស្ស៊ីទេ។ ប៉ុន្តែទោះជា​យ៉ាងនេះក្តី ប្រជាពលរដ្ឋអាមេរិក​ភាគច្រើនជឿជាក់​ថា រុស្ស៊ី ពិតបានលូកដៃ​ក្នុងការបោះ​ឆ្នោត។

ការលើកឡើងជាលើកដំបូង​របស់លោក ដែលបដិសេធថា រុស្ស៊ីមិនបាន​ពាក់ព័ន្ធនឹង​រឿងនេះ​ហាក់មានន័យថា លោក ត្រាំ កំពុងក្បត់សំដីនឹង​ជាតិសាសន៍ខ្លួនឯងបាត់​ទៅហើយ។ ក្រៅពីការធ្វើ​អោយមនុស្សបាត់បង់ទំនុកចិត្តលើ​លោកហើយនោះ វាក៏អាចបំបាក់​ប្រជាប្រិយភាព​គណបក្ស​សាធារណរដ្ឋ ដែលអាច​នឹងរងការភ័ន្តច្រឡំ​ទៅថ្ងៃ​អនាគត។

ដោយការពិនិត្យតាមដានទៅលើលទ្ធផល​នៃកិច្ចប្រជុំលើកនេះ អ្នកឈ្នះដ៏ធំបំផុត គឺលោក ពូទីន។ ជាក់ស្តែងកិច្ច​ប្រជុំកំពូលនេះ​បានចាប់ផ្តើម បន្ទាប់ពីពិធី​បិទការប្រកួតបាល់​ទាត់ពិភពលោក​ ដែលត្រូវបាន​រៀបចំដោយ​ប្រទេស​រុស្ស៊ី ហើយទើបតែ​បញ្ចប់ទៅដោយ​ជោគជ័យ ជាមួយនឹង​ការរៀបចំ​យ៉ាងរលូន។ ជាមួយនឹង​រូបភាពដ៏ស្ងប់ស្ងាត់​រឹងមាំ និងភាពចាស់ទុំរបស់​លោក ពូទីន ត្រូវបានគេ​ចាប់ផ្តើមកត់​សម្គាល់ជាថ្មី ស្របពេល​ដែលលោក ត្រាំ បែរជាបង្ហាញ​ភាពគ្រលិចគ្រលុច​របស់លោក​ទៅវិញ។ និយាយពីកិច្ចការ​អន្តរជាតិ អាចនិយាយ​មេដឹកនាំទាំងពីរ​ជាអ្នកឈ្នះដូចគ្នា ប៉ុន្តែបើនិយាយ​ពីរឿងក្នុងស្រុក និងក្នុងកែវភ្នែក​ប្រជាពលរដ្ឋ​អាមេរិក លោក ត្រាំ គឺជាអ្នកចាញ់​យ៉ាង​អាម៉ាស់៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ សារព័ត៌មានចិន CGTN