(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលបង្កជាការភ័ន្ដច្រឡំដល់សាធារណៈមតិ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ ការបង្ហោះ និងការចែករំលែករូបភាពហិង្សានៅក្នុងប្រទេស ឥណ្ឌា ស្រីលង្កា និងមីយ៉ាន់ម៉ា បានជំរុញឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ឈានទៅរកផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ Facebook បានដោះស្រាយជាមួយព័ត៌មានក្លែងក្លាយ តាមរយៈការប្លុក ឬធ្វើឱ្យវាមិនត្រូវបានគេមើលឃើញនៅលើ News Feeds។ ជាក់ស្ដែងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមលុបចោលព័ត៌មានក្លែងក្លាយត្រូវបានគេបង្ហោះ ឬចែកចាយបន្តដែលមានលក្ខណៈហិង្សា និងរំលោភបំពានលើរាងកាយ។
លើសពីនេះទៅទៀត Facebook ក៏បានអះអាងដែរថា ខ្លួនកំពុងសហការជាមួយក្រុមសង្គមស៊ីវិលមួយចំនួន នៅក្នុងតំបន់ដើម្បីបញ្ជាក់ពីព័ត៌មានក្លែងក្លាយ និងអំពើហិង្សានានា ហើយបើសិនជាមានការរាយការណ៍ពីព័ត៌មានទំាងនេះ នោះ Facebook នឹងចាត់វិធានការទាំងបន្ទាន់ តាមរយៈការបិទព័ត៌មានទាំងនោះមិនឲ្យមានការចែកចាយ ឬឃើញក្នុង News Feed តទៅទៀត។
គួរបញ្ជាក់ថា ការផ្លាស់ប្ដូរគោលនយោបាយនេះ នឹងត្រូវអនុវត្តន៍មុនគេនៅប្រទេសស្រីលង្កា ជាទីដែលព័ត៌មានក្លែងក្លាយបែបញុះញង់ ឱ្យប្រឆំាងនឹងអ្នកកាន់សាសនាអ៊ីស្លាម កើតមានឡើងជាបន្តបន្ទាប់ រហូតដល់រដ្ឋាភិបាលប្លុក Facebook ជាបណ្ដោះអាសន្នកាលពីខែមីនាកន្លងទៅ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានភាព៕