(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា អ៊ីរ៉ង់បច្ចុប្បន្នកំពុងត្រូវបានដឹកនាំពួកបងធំ ដែលមិនមែនជារដ្ឋាភិបាលនោះទេ ហើយថាអ្វីដែលលោករៀបរាប់នេះ គឺចង់សំអាងទៅលើទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ និងអំពើពុករលួយនៅក្នុងចំណោមមេដឹកនាំអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅឯវេទិកាមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយមានអ្នកចូលរួមភាគច្រើនជាជនជាតិអាមេរិកកាំង ដើមកំណើតអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោក ម៉ៃក៍ ប៉ុមប៉ែអូ បានកត់សម្គាល់ថា ខណៈប្រជាជនអ៊ីរ៉ង់ត្រូវតែកំណត់គោលដៅដឹកនាំប្រទេសរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោននឹងគំាទ្រសំឡេងរបស់ប្រជាជនអ៊ីរ៉ង់ ដែលមិនត្រូវបានគេអើពើអស់រយៈពេលជាយូរយាមកនេះ។ រដ្ឋមន្ត្រីការបរទេសរូបនេះ បន្ថែមទៀតថា រដ្ឋាភិបាលអាមេរិកបាននិងកំពុងផ្សាយកម្មវិធីជាភាសាពែក ២៤ម៉ោងក្នុង មួយសប្ដាហ៍លើកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីផ្ដល់ដំណឹងជូនប្រជាជនអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅជុំវិញពិភពលោក។
គួរជម្រាបថា ការលើកឡើងរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានព្រមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាកុំបង្ក ឬបង្កើនជម្លោះជាមួយប្រទេសរបស់លោកជាដាច់ខាត ព្រោះថាជម្លោះជា មួយអ៊ីរ៉ង់នឹងក្លាយជាសង្រ្គាមមិនធ្លាប់មានពីមុនមក៕