(ឥណ្ឌូណេស៊ី)៖ មនុស្សយ៉ាងហោចណាស់០៣នាក់បានស្លាប់ ដោយសារតែគ្រោះរញ្ជួយដីកំរិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើ កោះ Lombok ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមអាជ្ញា ធរនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅម៉ោង ៦៖៤៧នាទីព្រឹកមិញ នេះ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោង ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រមួយផ្សេងទៀត វាយប្រហារលើតំបន់ ដដែល។

USGS បានឱ្យដឹងទៀតថាគ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ៤៩.៥គីឡូម៉ែត្រ ពីភាគឦសាន ទីក្រុង Mataram នៃកោះ Lombok។ ចំណែកឯ ជនរងគ្រោះទាំងបីនាក់ ត្រូវបានគេរាយការណ៍ថាជាអ្នកស្រុក រស់នៅតំបន់ភាគខាងជើង និងភាគខាងកើតកោះ Lombok៕