(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី កំរិត៦.៤រ៉ិចទ័រ បានវាយប្រហារលើកោះ Lombok ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ នៅព្រឹកថ្ងៃអាទិត្យនេះ បានកើន ដល់១២នាក់ហើយ និង៤០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៦៖៤៧ នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោង ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រមួយផ្សេងទៀតវាយប្រហារ លើតំបន់ដដែល។

USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ៤៩.៥គីឡូម៉ែត្រ ពីភាគឦសាន ទីក្រុង Mataram នៃកោះ Lombok ហើយមិនតែប៉ុណ្ណោះវាក៏បង្កជាខូចខាតធ្ងន់ធ្ងន់ និងធ្វើដាច់ការផ្កត់ផ្គង់អគ្គិសនី នៅក្នុងតំបន់ផងដែរ៕