(វ៉ាស៊ីនតោន)៖ អ្នកសារព័ត៌មាន New York Times លោក ស៊ូលស៍ប៊ឺហ្គឺ (AG Sulzberger) បានជម្រុញឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ឈប់ការចាត់ទុកអ្នកសារព័ត៌មានគឺជាសត្រូវរបស់ប្រជាជន ព្រោះថាការធ្វើបែបនេះនឹងបង្កទៅជាអំពើហិង្សាប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
លោក Sulzberger ធ្វើការកត់សម្គាល់បែបនេះ ក្រោយជំនួបកាលពីថ្ងៃអាទិត្យ នៅឯសេតវិមានជាមួយលោក ដូណាល់ ត្រាំ ដែលនៅតែបន្តចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយកំពុងធ្វើឱ្យការរស់នៅរបស់មនុស្សជួបហានិភ័យ តាមរយៈសេចក្ដីរាយការណ៍របស់ពួកគេ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន New York Times រូបនេះ វោហាស័ព្ទរិះគន់ប្រឆាំងនឹងសារព័ត៌មានពីសំណាក់លោក ត្រាំ នឹងបំផ្លាញដល់លិទ្ធិប្រជាធិបតេយ្យ និងមានតែបង្កជាអំពើហិង្សាប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។
លោក Sulzberger បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ព័ត៌មានរឿងក្លែងក្លាយ ឬ fake news ដែលលោក ត្រាំ ធ្លាប់តែរិះគន់នោះគឺជារឿងមិនពិត ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះ គឺរឿងលោក ត្រាំ ចាត់ទុកអ្នកសារព័ត៌មានជាសត្រូវរបស់ប្រជាជន... ហើយខ្ញុំព្រមានគាត់ថា ការប្រើប្រាស់ភាសាដុតបញ្ឆេះទាំងនេះ នឹងបង្កើនជាការគំរាមកំហែងប្រឆាំងនឹងអ្នកសារព័ត៌មាន និងអាចបង្កទៅជាអំពើហិង្សា តែប៉ុណ្នោះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចាត់ផ្ដើមរិះគន់លើសារព័ត៌មានដូចជា New York Times CNN និង Washington Post ជាដើមចាប់តាំងតែពីលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមកម្ល៉េះ ដោយលោកចោទថា សារព័ត៌មានទាំងនេះតែងតែចុះ ផ្សាយព័ត៌មានក្លែងក្លាយប្រឆាំងនឹងរូបលោក និងបង្កឱ្យជីវិតមនុស្សជួបហានិភ័យ៕