(បាងកក)៖ រដ្ឋាភិបាលថៃបានអំពាវនាវដល់ជនរួមជាតិថៃទាំងអស់ ឲ្យចូលរួមជួយបរិច្ចាគថវិកា និងផ្តល់ជាសម្ភារៈសង្រ្គោះផ្សេងៗ ទៅកាន់ជនរងគ្រោះដោយសារការបាក់ទំនប់វារីអគ្គិសនី នៅឯភាគខាងត្បូងប្រទេសឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងមហាផ្ទៃថៃ លោក ឆាតឆៃ ព្រំឡឺត (Chatchai Promlert) បានចេញសេចក្តីបង្គាប់ឲ្យអភិបាលទាំងអស់នៃខេត្តទាំង ៧៦ រៀបចំមជ្ឈមណ្ឌលសម្រាប់ការបរិច្ចាគ ដើម្បីទទួលថវិកា ឬក៏សម្ភារៈចាំបាច់ផ្សេងៗ ដែលនឹងត្រូវបញ្ចូនទៅកាន់ខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ ជាទីដែលទំនប់វារីអគ្គិសនី សេពាន-សេណាំណយ (Xe Pian Xe Namnoy) បានបាក់កាលពីថ្ងៃទី២៣ ខែកក្កដា។
ជាមួយគ្នានេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីថៃ រ៉ាតឆាប៊ូរិ (Ratchaburi) ដែលជាក្រុមហ៊ុនមួយមានជាប់ព័ន្ធនឹង ដំណើរការសាងសង់ទំនប់ខាងលើ ក៏បានផ្តល់ការជួយឧបត្ថម្ភជាថវិកាប្រមាណ ១៥៤,០០០ដុល្លារ ទៅដល់ប្រទេសឡាវផងដែរ។ លើសពីនេះទៀត អាជ្ញាធរអគ្គីសនីថៃហៅកាត់ថា អេកាត់ (Egat) បានផ្តល់ឧបករណ៍ប្រើប្រាស់ផ្សេងៗ និងថវិកា ដល់ពលរដ្ឋឡាវប្រមាណ ៣,០០០នាក់ ដែលបានបាត់បង់ទីជម្រក។ ចំណែកឯនៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានប្រគល់ថវិកាប្រមាណជា ១៥៥,០០០ដុល្លារ សម្រាប់ជនរងគ្រោះឡាវថែមទៀតផង។
គួរជម្រាបថា យោងតាមរបាយការណ៍ចុងក្រោយបំផុត ចំនួនមនុស្សស្លាប់ត្រូវបានទម្លាក់មកនៅត្រឹម ០៩នាក់ ដែលអាជ្ញាធរឡាវបានទទួលស្គាល់ និងប្រកាសជាផ្លូវការឡើងវិញ ដោយកាលពីប៉ុន្មានថ្ងៃមុនមានសេចក្តីរាយការណ៍ថា មនុស្សរហូតដល់ទៅ ២៧នាក់បានស្លាប់។ ដោយឡែកសម្រាប់តួលេខមនុស្សបាត់ខ្លួនផ្លូវការវិញគឺ ១២២នាក់៕