(ឥណ្ឌូណេស៊ី)៖ អ្នកដើរកម្សាន្ត​បែបផ្សងព្រេងច្រើនជាង ៥០០នាក់ ត្រូវបានគេ​រាយការណ៍ថា កំពុងជាប់គាំង​នៅលើភ្នំមួយកន្លែង​ នៅឯកោះលុមបុក (Lombok) ប្រទេស​ឥណ្ឌូណេស៊ី ក្រោយគ្រោះ​រញ្ជួយដីដ៏ប្រល័យ​មួយ បានកាត់ផ្ដាច់ច្រក​ផ្លូវចេញ​ចូល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអ្នកជួយសង្រ្គោះ​រាប់រយនាក់ កំពុងប្រឹងប្រែង​ដើម្បីរកផ្លូវចូលទៅ​ដល់កន្លែង ដែលអ្នក​ទាំងនោះ កំពុងជាប់គាំង​នៅលើភ្នំ រីនហ្សានី (Rinjani) ដែលជាតំបន់​គោលដៅទេសចរណ៍​ដ៏មានប្រជាប្រិយភាព​មួយ សម្រាប់អ្នកចូល​ចិត្ត​ដើរកម្សាន្ត​ផ្សងព្រេង។ គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦៖៤៧នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោងប៉ុណ្ណោះ​បន្ទាប់ពីគ្រោះរញ្ជួយដី​កម្រិត ៥.៤រ៉ិចទ័រ មួយផ្សេងទៀត​វាយប្រហារលើ​តំបន់ដដែល។ នេះបើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក USGS។

USGS បានឱ្យដឹង​ទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុងម៉ាតារ៉ាម (Mataram) នៃកោះ Lombok។ មិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុង តំបន់ ព្រមទាំងផ្ដាច់ជីវិតមនុស្ស១៤នាក់ និង១៦០នាក់ទៀតរងរបួសផងដែរ៕