(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបិទដំណើរការរដ្ឋាភិបាលអាមេរិកជាថ្មី បើសិនជាគណបក្សប្រជាធិបតេយ្យ មិនព្រមផ្ដល់កិច្ចសហការលើដោះស្រាយបញ្ហាសន្តិសុខព្រំដែនទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅលើ Twitter នៅថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំអាចនឹងបិទដំណើរការរដ្ឋាភិបាលជាថ្មី បើសិនជាគណបក្សប្រជាធិបតេយ្យ មិនព្រមគំាទ្រដល់ពួកយើងក្នុងការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែនក្នុងនោះរួមមានទាំងជញ្ជាំងព្រំដែនទេនោះ.. ហើយយើងគួរតែធ្វើដំណើរ ទៅរកប្រព័ន្ធអន្តោប្រវេសន៍ដ៏សាកសម។ យើងត្រូវការមនុស្ស អស្ចារ្យមកកាន់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ដូណាល់ ត្រាំ គឺជាការឆ្លើយតបមួយទៅនឹងការរិះគន់ លើគោលនយោបាយអន្តោប្រវេសន៍នៃ រដ្ឋាភិបាលរបស់លោក ជាពិសេសជុំវិញការបំបែកកុមារចេញពីឪពុកម្ដាយ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់។ រដ្ឋាភិបាលសហព័ន្ធអាមេរិក ជារឿយៗតែងតែបិទដំណើរការនៅក្នុងករណីសភាអាមេរិក បរាជ័យក្នុងការចេញកញ្ចប់ថវិកា៕