(ម៉ានីល)៖ ប្រទេសហ្វីលីពីនទើបតែបានទទួលស្វាគមន៍ជាខ្លាំង នូវការបរិច្ចាគរបស់ប្រទេសចិននូវកាណូតល្បាតចំនួន ០៤គ្រឿង ព្រមទាំងកាំភ្លើងផ្លោងគ្រាប់បែក ៣០ឈុត មកកាន់កងទ័ពជើងទឹកហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យទ័ពជើងទឹកហ្វីលីពីនលោក ចូណាថាន់ ហ្សាតា (Jonathan Zata) បានឲ្យដឹងថា កាណូតនិងអាវុធទាំងអស់ខាងលើ ត្រូវបានប្រគល់មកកាន់ប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ហើយលោក Zata បានបន្ថែមថា កងទ័ពជើងទឹក នាខណៈនេះកំពុងទទួលការហ្វឹកហាត់អំពីរបៀបប្រើប្រាស់ និងជួលជុលថែទាំ កាណូតខ្នាតតូចនេះ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិន យានជំនិះ និងអាវុធខាងលើ ត្រូវបានប្រគល់មកឲ្យប្រទេសហ្វីលីពីន ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងហិង្សាជ្រុលនិយមផ្សេងៗ៕