(គូឡាឡាំពួរ)៖ របាយការណ៍លម្អិតមួយស្តីពីការបាត់ខ្លួនកាលពីឆ្នាំ២០១៤ នៃយន្តហោះដឹកអ្នកដំណើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី ដែលទើបចេញផ្សាយនាថ្ងៃចន្ទនេះ ដោយក្រុមស៊ើបអង្កេតសុវត្ថិភាពនៃប្រទេសម៉ាឡេស៊ី មិនបានកំណត់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍ដ៏អាថ៌កំបាំងនេះឡើយ ហើយមិនអាចផ្តល់ចម្លើយដល់សំណួរជាច្រើន ដោយសារកង្វះខាតនៃភស្តុតាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
យន្តហោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលមានផ្ទុកមនុស្សសរុប ២៣៩នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលធ្វើដំណើរតាមផ្លូវហោះហើរ ចេញពីរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនៃប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។
ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនេះ បំណែកយន្តហោះត្រឹមចំនួន ០៣បំណែក ប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ថា ពិតជារបស់ MH370 ប្រាកដមែន ហើយពួកវាត្រូវបានគេរកឃើញ នៅឆ្នេរភាគខាងលិចមហាសមុទ្រឥណ្ឌា ប៉ុន្តែពុំមានភស្តុតាំងអ្វីបន្ថែមទៀត ឬសូម្បីមូលហេតុបាត់ខ្លួន និងធ្លាក់ MH370 ពិតប្រាកដដែលត្រូវបានបកស្រាយឲ្យគ្រប់គ្នាទទួលយកបាននោះឡើយ។
គួរជម្រាបថា របាយការណ៍ខាងលើបានកើតមានឡើ នៅរយៈពេល ០២ខែបន្ទាប់ពី រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបញ្ឈប់ប្រតិបត្តិការរុករកនៅក្រោមផ្ទៃទឹកនៃយន្តហោះ ដែលប្រព្រឹត្តដោយក្រុមហ៊ុនឯកជន៕