(មិចស៊ីកូ)៖ ​យន្ដហោះផ្ទុក​អ្នកដំណើរ ១០១នាក់ របស់ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ (Aeromexico) បានធ្លាក់នៅ​ឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ (Durango) ប្រទេសមិចស៊ីកូ ប៉ុន្តែជាសំណាងល្អ​មិនមានអ្នកបាត់បង់​ជីវិតឡើយ។ នេះ​បើតាម​​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

ជុំវិញហេតុការណ៍​ធ្លាក់យន្ដហោះ​នេះដែរ អភិបាលរដ្ឋ Durango លោក ចូសេ អេស្ពឺរ៉ូ (Jose Aispuro) បានអះអាងថាគ្មានអ្នកបាត់បង់ជីវិត​នោះទេ បើទោះជា​មានមនុស្ស ៨៥នាក់​រងរបួសក៏ដោយ។​ លោកបន្ថែមថា យន្ដហោះ​មានជើង​ហោះហើរ AM2431 បានធ្វើ​ដំណើចាក​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ ហ្គាដាលូប៉េ វីតូរៀ (Guadalupe Victoria) ឆ្ពោះ​ទៅកាន់​ទីក្រុង Mexico City ប៉ុន្តែស្រាប់តែធ្លាក់​នៅ ក្បែរអាកាសយានដ្ឋាន​ក្រោយពេលហោះ​ឡើងបាន​បន្តិច។

គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់​យន្ដហោះនេះបានកើតឡើង​នៅម៉ោង ៣៖៤០នាទីរសៀល ថ្ងៃអង្គារ (ម៉ោងនៅ​ក្នុងតំបន់) ហើយបើតាមសាក្សីមូលហេតុ​ធ្លាក់គឺអាចបណ្ដាលមក​ពីខ្យល់បក់ខ្លាំង​ ដែលបានបង្ខំ​ឱ្យយន្ដហោះចុះ​ចត​ជាបន្ទាន់។ ដោយឡែក​ឈ្មោះ និងសញ្ជាតិរបស់អ្នកដំណើរ​មិនទាន់ត្រូវបានបញ្ជាក់​នៅឡើយទេ ដោយ​គ្រាន់តែ​គេដឹងថា យន្ដហោះនេះផ្ទុក​អ្នកដំណើរ ៩៧នាក់ និងអាកាសយាននិក ០៤នាក់ រីឯមនុស្ស ៣៧នាក់ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ ហើយពីរនាក់ទៀត​របួសធ្ងន់៕