(អាមេរិក)៖ គ្រីស្តាល់ពណ៌ខៀវដ៏​កម្រ និងចំណាស់​​ដែលមានប្រភពមកពី​​ជំនាន់ដំបូង​ៗ​នៃការកកើត​នៃ​ប្រព័ន្ធព្រះអាទិត្យ កំពុងជួយឲ្យ​​ផ្តល់ចម្លើយដល់​ភាពមន្ទិលសង្ស័យជាយូរ​ណាស់មកហើយ ដែលថា​​ព្រះអាទិត្យទើប​នឹងកើត គឺមានការបញ្ចេញ​សកម្មភាព​យ៉ាង​ខ្លាំងក្លា។ នេះបើ​តាមលទ្ធផល​សិក្សាថ្មីមួយ ដកស្រង់ដោយ​វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

នាដំបូងឡើយ​តារា​វិទូបានរកឃើញថា ​ពពួកផ្កាយ​​ជាទូទៅមាន​ថាមពល​យ៉ាងសកម្ម នៅអំឡុង​ជំនាន់ដំបូងៗ​​នៃដំណើរវិវត្តន៍​របស់វា ហើយ​អ្នកវិទ្យាសាស្រ្ត​មានការសង្ស័យថា វាពិតដូចគ្នា​សម្រាប់ព្រះអាទិត្យយើង ក្រោយពី​ផ្កាយ​មួយដួងនេះ បានចាប់កំណើត​ឡើង​កាលពី​​ ៤.៦ពាន់លានឆ្នាំមុន។

យ៉ាងណាមិញ ការរកភស្តុតាង​ដើម្បីបញ្ជាក់ពីសម្មតិកម្ម​ខាងលើ គឺជាបញ្ហាប្រឈម​ដ៏លំបាក ពីព្រោះថាវាមិនងាយ​នឹង​ស្វែង​រក​​​វត្ថុ​ដែល​បាន​កត់ត្រាថា តើ​​ព្រះអាទិត្យវ័យក្មេង​មានលក្ខណៈ​យ៉ាងដូចម្តេច ហើយអាចឆ្លង​កាត់រយៈពេលរាប់ពាន់លានឆ្នាំមក​ដល់សព្វថ្ងៃនេះ ​ដោយពុំមាន​បញ្ហានោះ​ឡើយ។

ដោយឡែក ដើម្បីតាមប្រមាញ់​​រកភស្តុតាងដ៏កម្រ​បែបនេះ អ្នកស្រាវជ្រាវ​បានចាប់ផ្តើមវិភាគ​​ទៅលើគំរូតាង​ផ្សេងៗ មកពី​អាចម៍​​ផ្កាយ Murchison ដែលបានធ្លាក់​កាលពីឆ្នាំ១៩៦៩ នៅក្បែរក្រុង Murchison ក្នុងរដ្ឋ Victoria ប្រទេស​អូស្រ្តាលី។ អាចម៍ផ្កាយនេះ ដែលកំពុង​រក្សាទុក​នៅសារមន្ទីរ​ The Field Museum ក្នុងទីក្រុង Chicago របស់​សហរដ្ឋអាមេរិក មានប្រភពមកពី​​ជំនាន់​កកើត​ដំបូងៗ​នៃ​ប្រព័ន្ធ​​ព្រះអាទិត្យ ហើយមានម៉ូលេគុលសារីរាង្គយ៉ាងច្រើនសន្ធឹក​សន្ធាប់។

គួរជម្រាបថា ខណៈសំណុំធូលី​​​ និងឧស្ម័នយក្ស ដែលនៅជុំវិញព្រះអាទិត្យ បានថយចុះ​សីតុណ្ហភាព​កាល​ពី​ប្រមាណ ៤.៥ពាន់លានឆ្នាំ​មុន សារធាតុរ៉ែ​ដំបូងៗបំផុត ក៏បានចាប់ផ្តើម​កកើតឡើង ហើយក្នុងនោះ​ក៏មានគ្រីស្ទាល់​ទឹកកកពណ៌ខៀវ​ដែលគេហៅថា Hibonites ​ផងដែរ៕