(មិចស៊ីកូ)៖ ​អាជ្ញាធរអាកាសចរណ៍ស៊ីវិលមិចស៊ីកូ បានអះអាងជាបឋមថា មូលហេតុដែលបណ្ដាល​ឱ្យយន្ដហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍អ៊ែរ៉ូ​មិចស៊ីកូ (Aeromexico) ធ្លាក់​គឺអាចបណ្ដាលមកពី​បញ្ហាអាកាសធាតុ​អាក្រក់។ ទន្ទឹមគ្នា ក្រុមអាជ្ញាធរ​ក៏បានកែ​តម្រូវព័ត៌មាន​ឡើងវិញដែរ ដោយបញ្ជាក់ថាមានអ្នក​ជិះនៅលើ​យន្ដហោះ​​នេះ​ទាំងអស់ ១០៣នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

យន្ដហោះផ្ទុក​អ្នកដំណើរ ១០៣នាក់ របស់ក្រុមហ៊ុន​​អាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ (Aeromexico) បានធ្លាក់នៅ​ឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ (Durango) ប្រទេសមិចស៊ីកូ ប៉ុន្តែជាសំណាងល្អ​មិនមានអ្នកបាត់បង់​ជីវិតឡើយ។ ដោយឡែក ជុំវិញហេតុការណ៍ ធ្លាក់ យន្ដហោះ​នេះដែរ អភិបាលរដ្ឋ Durango លោក ចូសេ អេស្ពឺរ៉ូ (Jose Aispuro) បានអះអាងថាគ្មានអ្នកបាត់បង់ជីវិត​នោះទេ បើទោះជា​មានមនុស្ស៨៥នាក់​រងរបួសក៏ដោយ។​

លោកបន្ថែមថា យន្ដហោះ​មានជើង​ហោះហើរ AM2431 បានធ្វើ​ដំណើចាក​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ ហ្គាដាលូប៉េ វីតូរៀ (Guadalupe Victoria) ឆ្ពោះ​ទៅកាន់​ទីក្រុង Mexico City ប៉ុន្តែស្រាប់តែធ្លាក់​នៅ ក្បែរអាកាសយានដ្ឋា​នក្រោយ ពេលហោះ​ឡើងបាន​បន្តិច។ ចំណែកឯ ឈ្មោះ និងសញ្ជាតិរបស់អ្នកដំណើរ​មិនទាន់ត្រូវបានបញ្ជាក់​នៅឡើយទេដោយ​គ្រាន់តែ​គេដឹងថា យន្ដហោះនេះផ្ទុក​អ្នកដំណើរ ៩៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ ០៤នាក់ រីឯមនុស្ស ៤៩នាក់ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ ហើយពីរនាក់ទៀត​របួសធ្ងន់។

គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់​យន្ដហោះនេះ បានកើតឡើង​នៅម៉ោង ៣៖៤០នាទីរសៀល ថ្ងៃអង្គារ (ម៉ោងនៅ​ក្នុងតំបន់) ហើយ​សាក្សីជាអ្នកដំណើរជាច្រើននាក់ក៏បាននិយាយដែរថា ខ្យល់បានបក់បោក​យ៉ាងខ្លាំងលើយន្ដហោះ​ រហូតដល់​ពីឡុតត្រូវបង្ខំចិត្ត​ចុះ​ចត​ជា​បន្ទាន់៕