(ប៉េកាំង)៖ Mars នាថ្ងៃពុធនេះ គឺកំពុងស្ថិតនៅកៀក​ជាមួយផែនដីបំផុត គិតក្នុងអំឡុងពេល ១៥ឆ្នាំ កន្លងមកនេះ ដែលជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នៃវិស័យតារាសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ភពក្រហមនេះ និងផែនដី មិននៅជិតគ្នាដូចខណៈពេលនេះឡើយ ចាប់តាំងតែពីឆ្នាំ២០០៣មក ហើយឱកាសដ៏កម្របែបនេះ នឹងមិនអាចកើតមានទៀតឡើយ​រហូតដល់ឆ្នាំ២០៣៥។ នាពេលកន្លងមកនេះ តារាវិទូនៅជុំវិញពិភពលោក បានហ្វឹកហាត់វិធីឆ្លុះដោយប្រើតេឡេស្កូបរបស់ពួកគេ​ទៅលើផ្ទៃមេឃ​ ដើម្បីត្រៀមសម្រាប់ថ្ងៃនេះ នៅពេលដែល​ភពអង្គារ (Mars) ស្ថិតនៅចម្ងាយ ៥៧.៦លានគីឡូម៉ែត្រ ពីភពផែនដី។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តមានការចាប់អារម្មណ៍​ចំពោះគន្លងធ្វើគោចររបស់ Mars គឺដោយសារតែវាជួយក្នុងការសម្រេចពេលវេលា​ដ៏ប្រសើរបំផុត សម្រាប់ការបាញ់បង្ហោះយានអវកាស។ នៅពេលព្រះអាទិត្យ ផែនដី និងភពអង្គារ ​ឈរលើខ្សែបន្ទាត់តែមួយ ដោយភពរបស់យើងស្ថិតនៅចន្លោះកណ្តាលនោះ គឺបាតុភូតនេះដែលគេហៅថា Opposition កំពុងតែប្រព្រឹត្តទៅហើយ គឺវាផ្តល់ឱកាសឲ្យ​​ Mars បញ្ចេញពន្លឺចែងចាំងខុសពីសព្វមួយដង។ NASA បានពន្យល់ថា នៅពេលបាតុភូត Opposition កើតឡើង ​ភពមួយនោះក៏ស្ថិតនៅកៀកបំផុតជាមួយផែនដីផងដែរ។

ដោយសារតែ បាតុភូត Opposition នៃផែនដី និងភពអង្គារ តែងកើតឡើងជារៀងរាល់ ០២ឆ្នាំម្តងនោះ ទើបយើងមើលឃើញថា បេសកកម្មភាគច្រើនរបស់ NASA ទៅកាន់ភពក្រហមនេះត្រូវបានប្រព្រឹត្តទៅ​​ដោយរំលងគ្នាយ៉ាងតិចក៏ពីរឆ្នាំដែរ ដើម្បីឆក់យក​ឱកាសនៃរយៈចម្ងាយដ៏ខ្លីរវាងភពទាំងពីរ។

ដោយឡែកការខិតចូលមកកៀករបស់ភពអង្គារនាឆ្នាំនេះ ពុំមែនជាកំណត់ត្រាអស្ចារ្យបំផុតនោះឡើយ ពីព្រោះថារយៈចម្ងាយខ្លីបំផុត​ដែលអាចកើតមានបានរវាង​ផែនដីនិងភពអង្គារ គឺប្រមាណ ៥៤.៦លានគីឡូម៉ែត្រ ហើយវាកម្រកើតមានខ្លាំងណាស់។ ចំណែកកាលពីឆ្នាំ២០០៣វិញ ​Mars បានខិតមក​នៅចម្ងាយ​៥៥.៧លានគីឡូម៉ែត្រកៀកនឹងផែនដី ហើយកាលនោះគឺជាចម្ងាយខ្លីបំផុត​ ក្នុងអំឡុងពេលជិត​៦០,០០០ឆ្នាំកន្លងទៅ។ សម្រាប់ទិដ្ឋភាពដ៏កៀកបែបនេះដូចឆ្នាំ២០០៣ នឹងគ្មានឱកាសកើតមានទៀតឡើយ រហូតដល់ឆ្នាំ២២៨៧​ឯណោះ។​

បន្ទាប់មកទៀត ភពអង្គារ​និងផែនដី នឹងចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាវិញ ប៉ុន្តែវានៅតែអាចមើលឃើញនៅលើផ្ទៃដដែល ខណៈពន្លឺរបស់វានឹងចុះខ្សោយ ជាហេតុធ្វើឲ្យពិបាកក្នុងការស្វែងរកមើលបន្តិច៕