(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា ទំនងជាអាចនឹងធ្វើដំណើរទៅកាន់ទីក្រុងញូយ៉ក ដើម្បីថ្លែងសុន្ទរកថាជាប្រវតិ្តសាស្ត្រ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅខែកញ្ញាខាងមុខនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យ៉ុនហាប់ ផ្អែកលើប្រភពការទូតមួយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក គីម ជុងអ៊ុន អាចនឹងទៅចូលរួមក្នុង មហាសន្និបាតអង្គការសហប្រជាតិ បើសិនជាកិច្ចចរចារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការបង្កើតស្ថេរភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ មានការរីកចំរើនទៅមុខ។ ប៉ុន្តែ ទាំងអាជ្ញាធរកូរ៉េខាងត្បូង និងកូរ៉េខាងជើង មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះទេ។
គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថានៅថ្ងៃដំបូងគេនៃកិច្ច ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវនឹងថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ៕