​(វ៉ាស៊ីនតោន)៖ ចំនួនប្រជាជន​អាមេរិកដែលរស់​នៅក្នុងរថយន្ដ ដោយសារតែ​មិនអាចរកផ្ទះស្នាក់នៅសមរម្យ ​បាន និងកំពុងកើនឡើងខ្ពស់ បើទោះជាការ​អនុវត្តរបៀបនេះ​ជាអំពើខុសច្បាប់​ នៅក្នុងទីក្រុងមួយចំនួនរបស់​សហរដ្ឋអាមេរិក​ក៏ដោយ។ នេះបើតាមរបាយការណ៍ពីស្ថាប័ន Governing ដកស្រង់ដោយ​​សារព័ត៌មាន CBS នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

យោងតាមទស្សនាវដ្ដី Governing ចំនួនប្រជាជន​អាមេរិកស្នាក់នៅ​ក្នុងរថយន្ដជាផ្ទះចល័ត ឬយានយន្ដផ្សេង​ទៀតបានកើនឡើង ៤៦ភាគរយ ក្នុងរយៈពេល​មួយឆ្នាំនេះ ខណៈបញ្ហាគ្មាន​ផ្ទះសម្បែងក៏ត្រូវបាន​គេឃើញផងដែរ នៅក្នុងតំបន់ ស៊ីតថលឃីង (Seattle's King) ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នាពេលថ្មីនេះ។ ដោយឡែក បញ្ហាគ្មានផ្ទះ​សម្បែងបានផ្ទុះឡើង​ច្រើនជាងគេ នៅតាមបណ្ដា​ទីក្រុងដែលតម្លៃ ផ្ទះថ្លៃ​កប់ពពក ដូចជាទីក្រុងឡូស​អាន់ជែលឡែស, ផតឡេន (Portland) និងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាដើម។

គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ​របស់មជ្ឈមណ្ឌលច្បាប់ជាតិ​ ស្ដីពីជនគ្មាន​ផ្ទះសម្បែង និងជន​ក្រីក្រ (NLCHP) នៅតាមទីក្រុង​ចំនួន ១៨៧ បានរកឃើញថា អត្រាហាមឃាត់ប្រឆាំងនឹង​រថយន្ដជាផ្ទះចល័ត បានកើនទ្វេដង​ក្នុងរយៈពេល ១០ឆ្នាំមកនេះ៕