(ហ្សាការតា)៖ គ្រោះរញ្ជួយដី​កម្រិត ៦.១រ៉ិចទ័រ បានអង្រួនភាគ​កណ្តាលប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែពុំបានបង្ក​ជាការប្រកាសអាសន្ន​នៃ​រលកស៊ូណាមិ​ឡើយ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃ​សុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

​បើតាមទីភ្នាក់ងារ​ឧតុនិយម និងភូគព្ភសាស្ត្រ​​ឥណ្ឌូណេស៊ី ចំណុចរំញ័រ​នៃគ្រោះរញ្ជួយផែនដី​ខាងលើ បានកើតឡើង​នៅចម្ងាយ​ ៤៣គីឡូ​ម៉ែត្រ ភាគនិរតី​នៃខេត្ត ម៉ាលូគូ តេងហ្គារ៉ា (Maluku Tenggara) ជាមួយ​​ជម្រៅ​៦៥គីឡូម៉ែត្រ​ពីក្នុងដី។ អ្នកនាំពាក្យ​ទីភ្នាក់ងារ​ខាងលើបានឲ្យដឹងថា ​គ្រោះរញ្ជួយដី​​នេះ​ ពុំបានបង្កជា​រលកយក្សស៊ូណាមិ​នោះទេ ដូច្នេះហើយ​ក៏ពុំមានការចេញសារ​ព្រមានអ្វីដែរ។ ចំណែកទីភ្នាក់ងារ​គ្រប់គ្រងគ្រោះមហន្តរាយ​​​ឥណ្ឌូណេស៊ីវិញ បានបញ្ជាក់ថា ពុំមានការបំផ្លិច​បំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់​​ពីហេតុការណ៍​នេះឡើយ ដោយវា​គ្រាន់តែ​បាន​បង្ក​ភាព​​ភ្ញាក់ផ្អើលប៉ុណ្ណោះ។

គួរជម្រាបថា គ្រោះរញ្ជួយដី​​តែងកើតមានឡើង​ជាញឹកញាប់ នៅប្រទេស​អាស៊ានមួយនេះ គឺដោយសារតែ​ឥណ្ឌូណេស៊ី មានទីតាំង​ភូមិសាស្រ្តស្ថិត​​នៅចំពីលើតំបន់ខ្សែ​ក្រវាត់ភ្នំភ្លើង​ ដែលគេហៅថា Pacific Ring of Fire។ ម៉្យាងវិញកាល​ពីចុងខែកក្កដា​កន្លងទៅនេះ គ្រោះ​រញ្ជួយដីមួយ​កម្រិត​​ ៦.៤រ៉ិចទ័រ ដែលមាន​ជម្រៅត្រឹម ០៧គីឡូម៉ែត្រ​ប៉ុណ្ណោះនោះ បានវាយប្រហារ​លើកោះ លុមបុក (Lombok) នៅ​ភាគ​កណ្តាល​ឥណ្ឌូណេស៊ីដូចគ្នា ដែល​បានផ្តាច់ជីវិត​មនុស្សយ៉ាង​តិច ១៤នាក់ និងបណ្តាលឲ្យ​​មនុស្សជាង ១៦០នាក់របួស៕