(ម៉ូស្គូ)៖ កូនប្រុសទីពីររបស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ គឺលោក អេរិច ត្រាំ (Eric Trump) បាននិយាយថា សមាជិក​គ្រួសារទាំងអស់របស់​លោកបានទទួលរងការគំរាមកំហែង​ជាបន្តបន្ទាប់ ក្នុងនោះរួមទាំង​ការផ្ញើកញ្ចប់​ម្សៅស មកកាន់ផ្ទះរបស់​ពួកគេទៀតផង។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

លោក Eric Trump ធ្វើការអះអាង​បែបនេះនៅក្នុងបទ​សម្ភាសន៍មួយ នៃស្ថានីយទូរទស្សន៍​អាមេរិក Fox News នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ លោក Eric Trump បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេ​គំរាមកំហែង ហើយគ្រួសារ​របស់ ខ្ញុំក៏ត្រូវបានគេ​គំរាមកំហែង​ផងដែរ... ពួកយើងទាំងអស់​គ្នាសុទ្ធតែធ្លាប់ទទួល​បានកញ្ចប់ម្សៅ​សម្យ៉ាង ដែលគេផ្ញើមក​ផ្ទះរបស់​ពួកយើង...»។

គួររំលឹកថា កាលពីខែកុម្ភៈ​កន្លងទៅ ភរិយាលោក Donald Trump Jr គឺលោកស្រី វែណេសា ត្រាំ (Vanessa Trump) ក៏ធ្លាប់ត្រូវបានគេ​រាយការណ៍ថា បានសម្រាកព្យាបាល​ក្នុងមន្ទីរមួយរយៈពេល​ខ្លីផងដែរ បន្ទាប់ពីលោកស្រីបើក​កញ្ចប់មួយ ដែលមានម្សៅសម្យ៉ាង​នៅក្នុងនោះ។ ប៉ុន្តែ ក្រោយមកទៀត ម្សៅសនេះត្រូវបានគេបញ្ជាក់​ថា គ្មានសារធាតុគីមី ឬពុលនោះទេ ហើយប្រភព​អ្នកផ្ញើកញ្ចប់ នេះក៏មិនត្រូវបាន​បញ្ជាក់ដែរ ៕