(វ៉ាស៊ីនតោន)៖ ក្រោយពីទទួល​បានរបាយការណ៍ថា ធនាគាររុស្ស៊ីបាន​លួចជួយ​​កូរ៉េខាងជើង ដោយបំពាន​ទៅនឹងទណ្ឌកម្ម​របស់អង្គការ​សហប្រជាជាតិ (UN) នោះ សហរដ្ឋអាមេរិកបាន​សម្រេចដាក់ទណ្ឌកម្ម ទៅលើធនាគារមួយរបស់​រុស្ស៊ីតែម្តង។ នេះបើតាម​​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Daily Sabah នាយប់​ថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិ OFAC របស់ក្រសួងរតនាគារជាតិ​អាមេរិក​បានឲ្យដឹងថា ក្រៅពីធនាគាររុ​ស្ស៊ីខាងលើនេះ ខ្លួនបាន​ក៏អង្កេតដឹងថា មានបុគ្គលម្នាក់ និងក្រុមហ៊ុន​ចំនួនពីរបានលួចធ្វើជាទីកន្លែងដោះដូរហិរញ្ញវត្ថុ​ ដល់កូរ៉េខាងជើង​ផងដែរ។ សម្រាប់​ធនាគាររុស្ស៊ី ដែល​បានទទួល​រងទណ្ឌកម្មនោះ​គឺមានឈ្មោះថា Agrosoyuz កំពុងតែ​ធ្វើប្រតិបត្តិការ​​នៅ​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ធនាគារខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធ​នឹងធនាគារពាណិជ្ជកម្ម​បរទេស​របស់​កូរ៉េខាងជើង រួមជាមួយនឹង​ក្រុមហ៊ុនចិនមួយ​ចំនួនទៀត៕