(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃសៅរ៍នេះ​បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន​នឹងផ្ដល់ជំនួយផ្នែក​សន្តិសុខថ្មីជិត ៣០០លានដុល្លារ​សម្រាប់តំបន់​អាស៊ីអាគ្នេយ៍។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់​បែបនេះប្រាប់អ្នក​សារព័ត៌មាន​នាឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ការបរទេស រៀបចំ​ឡើងនៅសិង្ហបុរី។ សហរដ្ឋអាមេរិក​នៅដើម​សប្ដាហ៍នេះក៏បានសន្យា​ដែរថា នឹងវិនិយោគប្រាក់​ជាង ១១៣លានដុល្លារ​ក្នុងវិស័យ​បច្ចេកវិទ្យា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់​អាស៊ី។

ក៏ប៉ុន្តែអ្វីដែល​សំខាន់ការសន្យារបស់​សហរដ្ឋអាមេរិកនៅពេលនេះ ធ្វើឡើងនៅក្នុង​បរិបទដែលចិន កំពុង​ពង្រីកឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​នៅក្នុងតំបន់អាស៊ី តាមរយៈការវិនិយោគ និងផ្ដលជំនួយរាប់ពាន់​លានយ័ន ឱ្យបណ្ដាប្រទេស​នៅក្នុងតំបន់​ ក្រោមក្រប​ខណ្ឌនៃគោលនយោបាយសេដ្ឋកិច្ច​ខ្សែក្រវាត់ និងផ្លូវ៕