(ប៉េកាំង)៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងពិចារណាពីការកំណត់ពន្ធរហូតដល់ ២៥ភាគរយ លើទំនិញនាំចូលពីរបស់ប្រទេសចិន ដែលមានតម្លៃជាប្រាក់ស្មើនឹង ២០០ពាន់លានដុល្លារ ដោយកាលពីមុនត្រឹមតែ ១០ភាគរយតែប៉ុណ្ណោះ។ ជាការឆ្លើយតបអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់យុទ្ធសាស្ត្រមុខពីរចំពោះប្រទេសចិន។
ទីមួយគឺអាមេរិកចង់គំរាមកំហែងចិន ដោយការដំឡើងពន្ធលើទំនិញ ចំណែកឯទីពីរ គឺអាមេរិកកំពុងព្យាយាមអូសទាញចិន ឲ្យផ្ដើមកិច្ចចរចាបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដោយការប្រើប្រាស់ការគំរាមកំហែងនេះ។ ចំណុចនេះធ្វើឱ្យយើងជឿថា សិល្បៈក្នុងការដោះស្រាយវិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺប្រើប្រាស់ «អំណាច» ដើម្បីសម្រេចបានកិច្ចព្រមព្រៀង។ យើងចាំបានថា នៅក្នុងសៀវភៅរបស់លោក ដូណាល់ ត្រាំ ដែលនិពន្ធឡើងក្នុងឆ្នាំ១៩៨៧ មានចំណងជើងថា «The Art of the Deal» ហើយខ្លឹមសារក្នុងសៀវភៅនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ឥទ្ធិពល» ដោយលោកគូសបញ្ជាក់យ៉ាងច្បាស់ថា «កុំធ្វើកិច្ចចរចាដោយគ្មានឥទ្ធិពលឲ្យសោះ»។
ជាការពិតការអនុវត្ដគោលនយោបាយពន្ធគយពាណិជ្ជកម្ម ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន គឺពិតជាមានប្រជាប្រិយភាពជាខ្លាំង នៅក្នុងការចរចាពាណិជ្ជកម្ម ប៉ុន្តែមិនមែនមានន័យថា វាសុទ្ធតែមានប្រសិទ្ធភាពគ្រប់ស្ថានភាពនោះទេ ដោយយោងលើហេតុផលបីខាងក្រោម៖
ទីមួយ នៅពេលដែលអាមេរិកព្យាយាមប្រើឥទ្ធិពល ដើម្បីជំរុញឱ្យសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង នោះអាមេរិកត្រូវធ្វើឱ្យចិនជឿជាក់ថា តុចរចាត្រូវបានត្រៀមរង់ចាំជាស្រេច។ អាមេរិកត្រូវបង្ហាញពីគោលដៅនៃកិច្ចចរចារ និងអ្វីដែលអាមេរិកពិតជាចង់បាន។
នៅក្នុងសេចក្តីថ្លែងការណ៍ ដំណាងពាណិជ្ចកម្មអាមេរិក លោក Robert Lighthizer បាននិយាយថា ការបង្កើនពន្ធលើទំនិញដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងប៉េកាំង ឱ្យធ្វើកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយរបស់ខ្លួន។ ប្រសិនបើប្រទេសចិនយល់ស្រប ដើម្បីធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួន យើងពិតជាអាចវិលត្រឡប់ទៅរកតុវិញបានទេមែនទេ? តែការពិតទៅប្រទេសចិន បានយល់ព្រមត្រឡប់ទៅតុវិញគ្រប់ពេលដោយមិនចាំបាច់ទាល់តែអាមេរិកបង្កើនឥទ្ធិពល តាមរយៈការដំឡើងពន្ធដារនោះទេ។
ទីពីរ ដើម្បីសម្រេចបាននូវគោលដៅនៃការចរចា លុះត្រាតែមានការធ្វើទំនាក់ទំនង និងបង្កើតសមភាពរវាងដៃគូរចរចា។ នៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមបង្កើនសម្ពាធ ដោយគ្មានចន្លោះទំនេរទុកដកដង្ហើមសម្រាប់ចិន ក្នុងការចាប់ផ្តើមកិច្ចចរចា ភាគីទាំងពីរពិតជាមិនអាចឈានទៅរកដំណោះស្រាយបានឡើយ?
ទីបី តើរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចង់ឱ្យកិច្ចចរចាទទួលបានលទ្ធផលបែបណា? ចង់ឲ្យអាមេរិកឈ្នះ ហើយចិនចាញ់ទាំងស្រុង ឬយ៉ាងណា? នៅចាំបានទេគោលនយោបាយការបរទេស ដែលស្នើបង្កើតឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រំា នោះគឺ «អាមេរិកជាអាទិភាពទីមួយ» បង្កើតបានជាស្ថានភាពមួយដែល ចាំបាច់ត្រូវជ្រើសរើសរវាង "អ្នក ឬខ្ញុំ" បើមានខ្ញុំត្រូវតែអត់អ្នក បើខ្ញុំឈ្នះ អ្នកត្រូវតែចាញ់។ សហរដ្ឋអាមេរិក គឺជាអ្នកបង្កើតគោលការណ៍ពាណិជ្ជកម្មអយុត្តិធម៌ ដែលធាតុពិតគឺជាគំនិតមួយដែលស្ថាបនា ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងការបង្កើតរបាំងការងារផលប្រយោជន៍ផ្ទាល់ខ្លួន។
ជាក់ស្តែងច្បាប់ពាណិជ្ជកម្មក្នុងស្រុករបស់សហរដ្ឋអាមេរិក គឺផ្អែកលើចំណុច ៣០១ ដោយអនុញ្ញាតឱ្យប្រធានាធិបតី អាចចាត់វិធានការផ្សេងៗ រួមទាំងការសងសឹក ដើម្បីលុបចោលរាល់សកម្មភាព ទង្វើគោលនយោបាយ ឬការអនុវត្តរបស់រដ្ឋាភិបាលបរទេស ដែលរំលោភបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ គោលនយោបាយ «អាមេរិកជាអាទិភាពទីមួយ» បង្ហាញឲ្យឃើញច្បាស់នូវចេតនារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារប្រយោជន៍ផ្ទាល់ខ្លួន។
លោក ដូណាល់ ត្រាំ ដំបូងឡើយបានស្នើដាក់ពន្ធតែ ១០ភាគរយ លើទំនិញចិនដែលមានតម្លៃទឹកប្រាក់ ២០០ពាន់លានដុល្លារ ហើយក្រោយមកក៏ស្នើឲ្យមានការដំឡើងជាបន្តបន្ទាប់។ ការផ្លាស់ប្តូរថ្មីនេះ ជាការពង្រីកផែនការពាណិជ្ជកម្មថ្មីមួយទៀត ដែលសំខាន់ក្នុងសង្គ្រាមពាណិជ្ជកម្ម។
សេដ្ឋវិទូលោក Jagdish Bhagwati ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកប្រើប្រាស់ច្បាប់ពាណិជ្ចកម្មចំណុច ៣០១ ដើម្បីកេងផលចំណេញបែបឯកតោភាគី ពីដៃគូពាណិជ្ជកម្មដែលទន់ខ្សោយជាងខ្លួន។ ការកេងចំណេញពាណិជ្ជកម្ម តាមរយៈការរំលោភបំពានអំណាចរបស់អាមេរិក នៅតែបង្ហាញជាភស្ថុតាងយ៉ាងច្បាស់ ក្នុងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិននាពេលបច្ចុប្បន្ន ដែលបន្តិចម្តងៗបង្កើតឲ្យមាននូវរបបការពារនិយមរបស់សហរដ្ឋអាមេរិក។
សេដ្ឋវិទូរូបនេះ លោកបានបង្ហាញភាពជឿជា មានតែសមភាពតែប៉ុណ្ណោះ ដែលជាស្នូលដ៏សំខាន់ នៃគោលនយោបាយឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ។ តុល្យភាពជាផលបានមកពីការធ្វើអន្តរកម្ម និងការសម្របសម្រួលគ្នារវាងដៃគូជម្លោះ។ ប៉ុន្តែដើម្បីសម្រេចបាននូវសមភាពនេះ ទាមទារការចំណាយពេលយូរ និងជាដំណើរការមួយដែលតម្រូវឱ្យភាគីទាំងពីរ ត្រឡប់មករកតុចរចាក្នុងពេលនេះតែម្តង។
ហេតុនេះដរាបណាសហរដ្ឋអាមេរិក នៅតែបន្តគោលនយោបាយ គិតតែពីខ្លួនឯងជាអាទិភាព មិនផ្តល់ភាពយុត្តិធម៌ដល់ចិន ហើយប្រឹងបង្កើនឥទ្ធិពលតាមរយៈការដំឡើងពន្ធ មិនមែនជាមធ្យោបាយល្អសម្រាប់ការអូសទាញចិន មកកាន់តុចរចាឡើយ។ ដូចដែលយើងដឹងហើយថា ចិនហាក់មានបំណងចង់ចូលតុចរចារួចទៅហើយ តែលុះត្រាណាអាមេរិកទុកចន្លោះទំនេរសម្រាប់ចិន អាចដកដង្ហើមបានស្រួល មុនពេលឈានទៅរកការចរចាបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះ ជាមុនសិន៕
ប្រភព៖ វែបសាយ CGTN