(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន YouTube, Facebook និង Apple បានសម្រេចចិត្តចាត់វិធានការក្នុងការលុបចោលទិន្នន័យដែលមាន ជាប់ពាក់ព័ន្ធនឹងគេហទំព័រព័ត៌មាន អ៊ីនហ្វូវ៉រស៍ (InfoWars) និងស្ថាបនិកគេហទំព័រមួយនេះគឺលោក អាឡិច ចូនស៍ (Alex Jones) ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ក្រុមហ៊ុនយក្សទាំងបីខាងលើសុទ្ធតែបានអះអាងរៀងៗខ្លួន នៅថ្ងៃចន្ទសប្ដាហ៍នេះថា បានលុបចោលទិន្នន័យរបស់លោក Jones និង InfoWars ដោយសារតែគេហទំព័រព័ត៌មានមួយនេះ រំលោភលើគោលការណ៍របស់ពួកគេ។ «នៅពេលអ្នកប្រើប្រាស់រំលោភ... លើគោលការណ៍ម្ដងជាពីរដង ដូចជាការរំលោភបំពានលើការនិយាយបែបរើសអើង ឬសកម្មភាពទាំងឡាយដែលយើងបានហាមឃាត់ នោះយើងនឹងបិទគណនីរបស់ពួកគេ»។ នេះគឺជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន YouTube។ ប៉ុន្តែ ខាង InfoWars មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងបីនេះឡើយ។
គួរបញ្ជាក់ថា ការចាត់វិធានការរបស់ក្រុមហ៊ុន YouTube, Facebook និង Apple ក៏មានរាប់បញ្ចូលទាំងការបិទ Alex Jones Channel ផងដែរ ដែលមានអ្នក Subscribe ២.៤លាននាក់ ហើយមានអ្នកចូលមើលវីដេអូ ១.៥ពាន់លានដង៕