(កាណាដា)៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានអះអាងថា រដ្ឋាភិបាលកាណាដានឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនឡើយ ប្រឈមមុខនឹងជម្លោះការទូតជាមួយមហាសេដ្ឋីប្រេងអារ៉ាប៊ីសាអូឌីត ខណៈដែលជម្លោះការទូតរបស់ប្រទេសសេដ្ឋកិច្ចធំៗទាំងពីរ កាន់តែវិវឌ្ឍន៍ទៅរកស្ថានភាពអាក្រក់ខ្លាំងឡើង ដែលគ្មាននរណាធ្លាប់នឹកស្មានដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោកស្រី Chrystia Freeland ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង វែនខោវើ (Vancouver) នៅថ្ងៃចន្ទសប្ដាហ៍នេះពោលគឺតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអារ៉ាប៊ីសាអូឌីតសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតកាណាដា ចេញពីប្រទេស របស់ខ្លួន។ ថ្លែងនាឱកាសនោះ លោកស្រី Freeland បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា កាណាដានៅតែប្រកាន់ គោលជំហររបស់ខ្លួនដដែល នោះគឺបន្តនិយាយពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី ហើយគោលជំហរបែបនេះនឹងមិនផ្លាស់ប្ដូរឡើយ» ។
គួរជម្រាបជូនថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋាភិបាលកាណាដាបានរិះគន់អាជ្ញាធរអារ៉ាប៊ីសាអូឌីត ទាក់ទិននឹងការចាប់ខ្លួន សកម្មជនការពារសិទ្ធិមនុស្សក្នុងនោះរួមមានសកម្មជនការពារសិទ្ធិស្ត្រីម្នាក់ឈ្មោះ Samar Badawi។ កាណាដា បានស្នើឱ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដោះលែងសកម្មជនការពារសិទ្ធិមនុស្សជាបន្ទាន់ ប៉ុន្តែក្រោយការអំពាវនាវនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានចោទថា កាណាដា កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយសម្រេចចិត្តទុកពេល ២៤ម៉ោង ឱ្យអគ្គរដ្ឋទូតកាណាដា ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។
លើសពីនេះទៅទៀត ក្រៅតែពីបណ្ដេញអគ្គរដ្ឋទូតកាណាដា ទីក្រុងរីយ៉ាដក៏បានសម្រេចចិត្តផ្អាកជើងហោះទៅ និងមកទីក្រុងតូរ៉ុនតូ (Toronto) ផងដែរចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយទៅ ក្រោយទើបតែប្រកាសផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគថ្មីៗជាមួយកាណាដា៕